អភិបាលខេត្តសៀមរាប កំពុងរកវិធីសម្របសម្រួលជួយវីរកងទ័ព ខណៈកំពុងជាប់ឃុំខ្លួនរឿងករណីគ្រោះថ្នាក់ចរាចរណ៍
- សៀមរាប
ខេត្តសៀមរាប ៖ ជុំវិញព័ត៌មានមួយទាក់ទងទៅនឹងវីរកងទ័ពមួយរូប ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចចេញនូវដីកាឃុំខ្លួនពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ដែលករណីនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កំពុងរកវិធីជួយសម្របសម្រួលដល់កងទ័ពរូបនេះ ឱ្យចេញពីពន្ធនាគារខេត្ត ដើម្បីបានត្រឡប់ទៅលំនៅឋាន និងទៅជួរមុខវិញក្នុងពេលឆាប់ៗ ខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨ និង ៥៥នាទី ល្ងាចថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ លើកំណាត់ផ្លូវជាតិលេខ ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣១-៣២ ក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
បើតាមប្រភពពីមន្ត្រីជំនាញ នគរបាលខេត្តបានប្រាប់នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦ នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅឆ្នាំផលិតឆ្នាំ ២០២៦ ពាក់ផ្លាកលេខ សៀមរាប 1AU-2662 បើកបរដោយឈ្មោះ ឌុល ម៉ារ៉ាទេព ភេទស្រី អាយុ ១៤ឆ្នាំ ជាសិស្សរួមដំណើរដោយឈ្មោះ កឿត បញ្ញរ៉ា ភេទស្រី អាយុ ១៣ឆ្នាំ ជាសិស្សបានបុកគោយន្តកន្ត្រៃ ពីក្រោយម៉ាកគូបូតា ពណ៌ក្រហមគ្មានផ្លាកលេខ ខណៈកំពុងចតចោលម្ខាងផ្លូវបើកបរដោយលោក ជន់ ជួន ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរជាវីរកងទ័ព និងរួមដំណើរដោយកុមារាម្នាក់ឈ្មោះ ជីលិញ អាយុ ៨ ឆ្នាំ ត្រូវជាក្មួយប្រុសបណ្តាលឱ្យក្មេងស្រីទាំងពីរនាក់ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារអង្គរ ។ ចំណែកលោក ជន់ ជួន និងកុមាររួមដំណើរមិនមានរបួសនោះទេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យខូចខាតម៉ូតូមួយគ្រឿងធ្ងន់ និងគោយន្តកន្ត្រៃមួយគ្រឿងខូចខាតស្រាល ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ គឺអ្នកបើកបរម៉ូតូក្នុងល្បឿនលឿន ខណៈអ្នកបើកបរគោយន្តកន្ត្រៃបានឈប់គោយន្តនៅលើចិញ្ចើមផ្លូវដោយគ្មានភ្លើងបំភ្លឺ ។ ក្រោយការស៊ើបអង្កេត សាលាដំបូងខេត្តសៀមរាបបានសម្រេចឃុំខ្លួនលោក ជន់ ជួន ពីបទ «បើកបរដោយធ្វេសប្រហេស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឱ្យរបួសដល់អ្នកដទៃ» ។
ដីកាសម្រេចឃុំខ្លួនរបស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៦ ។ ចៅក្រមសម្រេចឃុំខ្លួនយ៉ាងដូច្នេះទៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងព័ត៌មាននានាបានចុះផ្សាយជាបន្តបន្ទាប់ ក្នុងនោះស្នងការរងខេត្តសៀមរាបមួយរូបបានបញ្ចេញមតិនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរដោយសរសេរថា ៖ «ខ្ញុំក៏គោរពស្រឡាញ់វីរកងទ័ពដែរ តែខ្ញុំប្រឹងជួយអស់លទ្ធភាពហើយ» ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង Sarak Mealea បានសរសេរថា «ការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ធ្វើទៅតាមបទបញ្ជាសម្របសម្រួលរបស់ស្ថាប័នអយ្យការ ដែលមានឯកឧត្ដមព្រះរាជអាជ្ញាជាអ្នកដឹកនាំ ។ ករណីនេះមុនការឃាត់ខ្លួនគឺត្រឹមធ្វើការសាកសួរ និងរាយការណ៍សុំយោបល់តាមឋានានុក្រម ដោយមានបទបញ្ជាទើបមូលដ្ឋានហ៊ានឃាត់ខ្លួន ។
តែមិនគួរខ្វះការយោគយល់នោះទេ កំហុសកើតឡើងទាំងពីរភាគី ក្នុងនោះគោយន្តកន្ត្រៃបានឈប់លើដងផ្លូវដោយគ្មានភ្លើង បំភ្លឺជាសញ្ញា ហើយគោយន្តរបស់លោក ជន់ ជួន មុខរបរយោធា (វីរកងទ័ព) កំហុសត្រង់មាត្រា ២៣ ជំពូកទី ៣ និងមាត្រា ៨៣ជំពូកទី ១០ ។ ចំពោះភាគីម៉ូតូបើកបរដោយឈ្មោះ ឌុល ម៉ារ៉ាទេព ភេទស្រីអាយុ ១៤ឆ្នាំ កំហុសក្នុងមាត្រា ៨ ដែរ ដោយមិនទាន់គ្រប់អាយុក្នុងការបើកយានយន្ដលើដងផ្លូវសាធារណៈ តាមអង្គហេតុ និងទិដ្ឋភាពច្បាប់គឺមានកំហុសទាំងសងខាង ។ បន្ទាប់ពីមានការបង្ហោះសាររបស់ស្នងការរ ខេត្តសៀមរាបបែបនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចូលទៅខំមិនយ៉ាងដូច្នេះថា ៖ ពួកអូនបានធ្វើល្អហើយ ដំណោះស្រាយនៅមានកុំតូចចិត្តអីបងកំពុងរកវិធីសម្របសម្រួលជួយដល់គាត់ហើយ ៕






ចែករំលែកព័តមាននេះ