ទីក្រុងអង់ការ៉ា៖ លើកនេះច្បាស់ហើយ! លោកដូណាល់ត្រាំប្រកាសនៅឯកិច្ចប្រជុំកំពូលអង្គការណាតូដែលរៀបចំនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ថាអាមេរិកនឹងផ្ដល់អាជ្ញាប័ណ្ណ (license) ទៅឱ្យអ៊ុយក្រែនក្នុងការផលិតប្រព័ន្ធការពារដែនអាកាសម៉ាកផេទ្រាត (Patriot) សម្រាប់ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។ បើដូច្នេះមែន វាជាការបើកទំព័រសករាជថ្មីសម្រាប់អ៊ុយក្រែនក្នុងការពង្រឹងប្រព័ន្ធការពារជាតិរបស់ខ្លួន។

អ៊ុយក្រែនចង់បានបច្ចេកវិទ្យានេះតាំងពីយូរមកហើយដើម្បីតស៊ូនៅក្នុងសង្គ្រាមដែលអូសបន្លាយពេលជាង៤ឆ្នាំ មិនទាន់ដឹងថានឹងបិទបញ្ចប់ទៅវិញនៅពេលណាទេ។ លោកត្រាំថ្លែងនៅក្នុងកិច្ចប្រជុំថាយើងនឹងផ្ដល់សិទ្ធិទៅឱ្យពួកគេ (អ៊ុយក្រែន) ដើម្បីផលិតមីស៊ីលម៉ាកផេទ្រាត។ យើងនឹងបង្ហាត់បង្ហាញពួកគេនូវការផលិតមីស៊ីលនេះ។ លោកគិតថាអ៊ុយក្រែនអាចផលិតមីស៊ីលនេះបានលឿនគ្រាន់បើ។ លោកថ្លែងដូច្នេះនៅពេលជួបប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី។

មីស៊ីលម៉ាកផេទ្រាតលក់ចេញក្នុងតម្លៃថ្លៃ និងប្រើពេលផលិតយូរទម្រាំបានមួយគ្រាប់ៗ។ ជាច្រើនឆ្នាំមកហើយ លោកហ្សេឡិនស្គីតែងតែស្នើសុំយ៉ាងទទូចទៅអាមេរិកដើម្បីផ្ដល់មីស៊ីលនេះឱ្យបានច្រើនថែមទៀត។ លោកក៏បានស្នើសុំសិទ្ធិផលិតមីស៊ីលនេះដោយខ្លួនឯងផងដែរ។ លោកត្រាំជួបលោកហ្សេឡិនស្គីលើកនេះនិយាយសន្ទនាគ្នាតាមសម្រួល។ ពោលគឺមិនច្រងេងច្រងាងឆ្ការដៃឆ្ការជើងដាក់គ្នាដូចកាលពីនៅសេតវិមាននោះទេ។

លោកក៏បានថ្លែងការកោតសរសើរចំពោះលោកហ្សេឡិនស្គីដែលមានឆន្ទៈចង់សម្រេចឱ្យបានកិច្ចព្រមព្រៀងសន្តិភាពដើម្បីបិទបញ្ចប់សង្គ្រាមនេះទាំងស្រុង។ លោកត្រាំថ្លែងបន្តទៀតថាមេដឹកនាំអ៊ុយក្រែនរូបនេះបានធ្វើរឿងដ៏អស្ចារ្យមួយ។ លោកថាយើងបានអភិវឌ្ឍទំនាក់ទំនងល្អជាមួយគ្នាដែលធ្វើឱ្យលោកស្ទើរតែមិនជឿ។ លោកជឿជាក់ថាកិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនស្ថិតនៅចម្ងាយដែលយើងអាចទៅដល់។ អាមេរិកនឹងខិតខំផ្ដល់ការធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែន៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ