៣សប្តាហ៍ចុងក្រោយ អ្នកជំងឺគ្រុនឈាមកើនឡើងដល់ជាង៧៥០នាក់
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ អ្នកជំងឺគ្រុនឈាមចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមណ្ឌលសុខភាពនានាមានចំនួន៧៥២នាក់ ។

នេះបើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្តប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពេលដែលមន្ទីរសុខាភិបាលសហការជាមួយអាជ្ញាធរស្រុករលាប្អៀរ បើកយុទ្ធ
នាការទ្រង់ទ្រាយធំចុះបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបែតតាមផ្ទះប្រជាពលរដ្ឋ ក្នុងភូមិទ្រាត្បូង ភូមិទ្រាជើង ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ថា ឆ្លើយតបទៅនឹងការព្រួយបារម្ភលើសុខភាពសាធារណៈ ពិសេសការរាតត្បាតនៃជំងឺគ្រុនឈាមក្នុងរដូវ
វស្សា និងបម្រែបម្រួលអាកាសធាតុ ថ្ងៃនេះមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរស្រុករលាប្អៀរ ដឹកនាំដោយលោក សេង វិចិត្រ អភិបាលស្រុក បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបែតតាមផ្ទះប្រជាពលរដ្ឋក្នុងឃុំស្រែថ្មី ដើម្បីទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺគ្រុនឈាមដែលតែងកើតមានឡើងក្នុងរដូវវស្សា ។

លោក ប្រធានមន្ទីរសុខាភិបាលខេត្តបន្តថា ក្នុងរយៈពេល៣សប្តាហ៍ អ្នកជំងឺគ្រុនឈាមបានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត និងតាមមណ្ឌលសុខភាពមួយចំនួនទៀតមានចំនួន៧៥២នាក់ ក្នុងនោះអ្នកជំងឺមានអាយុចាប់ពី២ឆ្នាំ ដល់១៤ឆ្នាំ ។ សម្រាប់មន្ទីរពេទ្យបង្អែកខេត្ត និងតាមមណ្ឌលសុខភាពនានា អ្នកជំងឺបានចូលមកសម្រាកព្យាបាល និងបានជាសះស្បើយវិលត្រឡប់ទៅលំនៅឋានវិញ ហើយក៏មានអ្នកជំងឺថ្មីទៀតចូលមកជាបន្តបន្ទាប់ ។ ទោះជាយ៉ាងនេះក្តី ពុំមានអ្នកជំងឺណាឈឺធ្ងន់ រហូតដល់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមនោះទេ ។

សម្រាប់វិធានការបន្ត មន្ទីរសុខាភិបាលនឹងបន្តការបាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំអាបែតនៅតាមផ្ទះប្រជាពលរដ្ឋតាមទីប្រជុំជន វត្តអារាមនិងសាលារៀន ។
ជាមួយគ្នានេះ មន្ត្រីមន្ទីរសុខាភិបាលខេត្ត ក៏បានអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីរបៀបការពារ និងថែរក្សាអនាម័យ ដើម្បីជៀសវាងការកើតជំងឺគ្រុនឈាម ដោយត្រូវសម្រាកក្នុងមុងទាំងថ្ងៃទាំងយប់ ដាក់ថ្នាំអាបែតចូលក្នុងពាង លុបបំបាត់កន្លែងមានទឹកដក់នៅជុំវិញផ្ទះ ។ បើសង្ស័យថាមានសមាជិកណាម្នាក់កើតជំងឺគ្រុនឈាម ត្រូវយកទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតឲ្យបានឆាប់រហ័ស ៕


ចែករំលែកព័តមាននេះ