ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អាង​ចម្រោះ​ទឹក​កខ្វក់ ភាគ​ខាងជើង​រាជធានី​ភ្នំពេញ របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ នឹង​លេច​រូបរាង​ក្នុង​ពេល​ឆាប់​ៗ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ AFD ប្រចាំ​ប្រទេស​កម្ពុជា នឹង​ផ្តល់​ឥណទាន ជួយ​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត​នោះ​គឺ​ការ​ជួយ​លើ​គម្រោង​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ខណៈ​ដែល AFD បាន​ជួយ​រាជធានី​ភ្នំពេញ ប្រមាណ​៣០​ឆ្នាំ​ហើយ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​នវានុវត្តន៍​ជាដើម​។ នេះ​ជា​ការ​បង្ហាញ​ឱ្យ​ដឹង​ក្នុង​ជំនួប​សំដែង​ការ​គួ​សមរ​វាង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី សាន់​ឌ្រី​ន ប៊ូ​ឆ័​រ (Sandrine BOUCHER) នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ AFD ប្រចាំ​ប្រទេស​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៦​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​បាន​លើក​ឡើង​ពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចេញចូល​ទាំង​ការ​ស្នាក់​នៅ​ប្រមាណ​ជា​៣​លាន​នាក់​។ ទន្ទឹម​និង​កំណើត​ប្រជាពលរដ្ឋ និង​លំនៅ​ដ្ឋា​ន​កើនឡើង​បាន​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ ប្រឈម​នឹង​បញ្ហា​សំណល់​រាវ ដែល​ទាមទា​ឱ្យ​មានការ​ដោះស្រាយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ AFD ប្រចាំ​ប្រទេស​កម្ពុជា បាន​ជួយ​រាជធានី​ភ្នំពេញ​ជា​ច្រើន ទាំង​អគ្គិសនី ទឹក​ស្អាត​ផង​ដែរ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា នៅ​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​មានទឹក​ស្អាត​ប្រើប្រាស់​ប្រមាណ​៩០%​ហើយ​។ ដោយ​មាន​កម្ចី​ពី AFD យើង​បាន​ពង្រីក​ស្ថានីយ៍​ផលិត​ទឹក​ស្អាត​ប្រើប្រាស់​ជា​បន្តបន្ទាប់ យើង​សង្ឃឹមថា នៅ​ឆ្នាំ​២០៣០ នៅ​រាជធានី​ភ្នំពេញ នឹង​ទទួល​មានទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​។ ក្រោម​ជំនួយ​ពី​ទី​ក្រុងប៉ារីស និង​ចៃ​កា​របស់​ជប៉ុន រាជធានី​ភ្នំពេញ បាន​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណល់​រាវ បាន​ល្អ​ប្រសើរ​។ ជាង​នេះ​ទៅ​ទៀត សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បង្កើត​នូវ​គម្រោង​ឥណទាន​មួយ ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ជៀ​ស​នូវ​ការ​លិចលង់​ទៀត​ផង ។

លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ AFD ដែល​មាន​គម្រោង​ជួយ​កសាង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយ​នៅ​ខាងជើង​រាជធានី​ភ្នំពេញ ។

លោកស្រី សាន់​ឌ្រី​ន ប៊ូ​ឆ័​រ នាយិកា​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ AFD បាន​មាន​ប្រសាសន៍​ថា ៖ AFD បាន​ជួយ​រាជធានី​ភ្នំពេញ ប្រមាណ​៣០​ឆ្នាំ​ហើយ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​នវានុវត្តន៍ ដោយ​ការ​ផ្តល់​សេវា​តំបូង​គេ​នៅ​រាជធានី​ភ្នំពេញ គឺ​ទឹក​ស្អាត​និង​អគ្គិសនី​។ បន្ថែម​ពី​នេះ AFD នឹង​ជួយ​កសាង​សម​ត្ថិ​ភាព​ក្មេង​ជំនន់​ក្រោយ​បន្ថែម​ទៀត ដូច​ជា​ការ​កសាង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជួយ​បណ្តុះបណ្តាល​ជំនាញ​ទឹក​ស្អាត ការ​ជួយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​នវានុវត្តន៍​ក្នុង​កម្រិត​ខ្ពស់ ។

លោកស្រី សាន់​ឌ្រី​ន ប៊ូ​ឆ័​រ បាន​បញ្ជាក់​ថា អ្វី​ដែល AFD និង​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​នៅ​ពេល​នេះ​គឺ​ការ​សិក្សា លើ​គម្រោង​សាងសង់ អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ គម្រោង​នេះ​នឹង​ឃើញ​ពន្លឺ​ថ្ងៃ​នៅ​ពេល​ឆាប់​ៗ​នេះ ៕