រាជធានីភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ 52 ដល់លេខ 59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:១៥នាទីព្រឹក បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ អ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគី ពីសំណាក់យោធាថៃ ដែលស្ថិតនៅកៀកបង្គោលព្រំដែន 52-54 និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្ន ដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ។ បន្ទាប់ពីបានទទួលព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការងារវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្ន ដែលបានអនុវត្តដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ អ្នកសង្កេត ការណ៍អាស៊ាន ប្រចាំនៅកម្ពុជា ក៏បានចុះទៅពិនិត្យទីតាំង ដែលប្រជាពលរដ្ឋថៃ បានធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជា នៅចន្លោះបង្គោលព្រំដែន52-59 ។
សូមគូសបញ្ជាក់ថា ភាគីកម្ពុជាបានតវ៉ាតាមរយៈកំណត់ទូតទៅភាគីថៃ ដោយសារការងារនេះប៉ះពាល់ទៅដល់នីតិវិធីទ្វេភាគីដែលមានស្រាប់ស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ភាគីទាំងពីរ ។
ក្នុងន័យនេះ ភាគីកម្ពុជាបានជំរុញការរៀប ចំកិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ឱ្យបានឆាប់បំផុតដើម្បីដោះស្រាយបញ្ហានេះ។
ការចុះសង្កេតការណ៍នេះមានគោលបំ ណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិ ភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ៕








<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ