ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ហ៊ុន សែន បង្ហាញ​ពី​ការ​ទទួល​បាន​រូបថត​មួយ​សន្លឹក សម័យ​ឆ្នាំ​១៩៩០

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ បាន​បង្ហាញ​រូបថត​មួយ​សន្លឹក​ សម័យ​ឆ្នាំ​១៩៩០ ​ដែល​ទើប​ទទួល​បាន​ពី​អ្នក​ស្រាវជ្រាវ​ ។

សម្តេច​តេ​ជោ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​នៅ​យប់​ថ្ងៃ​ទី​៤ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៦​ថា​ ​ថ្ងៃនេះ​ទទួល​បាន​រូបថត​មួយ​សន្លឹក​ទៀត​ ដែល​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ​ជា​រូបថត​នៅ​ថ្ងៃ​១៥ ​មី​នា ឆ្នាំ​១៩៩០ ​នៅ​ខេត្តបាត់ដំបង ​ដើម្បីពិនិត្យ​ប្រ​ព័ន្ធ​ការពារ​ក្រុង​បាត់ដំបង ​ទប់ទល់​ជាមួយ​ការ​វាយលុក​របស់​ខ្មែរក្រហម​ ។

សម្តេច​តេ​ជោ ​លើក​ឡើង​ថា ​កាលនោះ​បង​ ប៊ូ ថង​ ប្រធាន​អគ្គស្នងការ​នយោបាយ​កងទ័ព ​នា​ពេល​នោះ ​ជា​អ្នក​អមដំណើរ​ ។

សម្រាប់​ខ្ញុំ​គិត​ថា ​រូបថត​នេះ ​នៅ​ខេត្តរតនគិរី​វិញ​ ដែល​កាល​ឆ្នាំ​១៩៩០ ​ខ្ញុំទៅ​ពិនិត្យ​ការ​សាងសង់​វា​រី​អគ្គី​ស​នីអូ​ជុំ ​ដែល​អមដំណើរ​ដោយ​បង ​ប៊ូ ថង ដែល​ពេល​នោះ​ ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណកម្មាធិការ​អភិវឌ្ឍភូមិភាគ​ឥ​សាន្ត​ ។

សម្តេច​អះអាង​ថា​ មាន​មូលហេតុ​៣ ​ដែល​ខ្ញុំ​សំអាង​ ៖
១. ​គ្រប់​រូបភាព​ដែល​ខ្ញុំ​ចុះ​ទៅ​ទឹ​ស​សមរភូមិ​តែង​ប្រើ​ឯកសណ្ឋាន​យោធា​ និង​មាន​កាំភ្លើង​ក្រ​វ៉ា​ត់​នៅ​ចង្កេះ​ ។
២. ​បង ​ប៊ូ ថង ​ចេញពី​រដ្ឋមន្ត្រី​ការពារឆ្នាំ​១៩៨៨​ ជំនួស​ដោយ​សម្តេច​ពិជ័យសេនា ​ទៀ បាញ់​ និង​ចេញពី​ប្រធានអគ្គស្នងការ​នយោបាយ​ឆ្នាំ​១៩៨៩ ជំនួស​ដោយ​ឯកឧត្តម​ ឯ​ល វ៉ា​ន់​សា​រ៉ាត ​។ ម្យ៉ាងទៀត​បង​ ប៊ូ ថង​ មិន​ដែល​អមដំណើរ​ខ្ញុំ​ទៅ​គៀក​សមរភូមិ​ទេ ​។
៣.​ សម្លៀក​បំពាក់​ខ្ញុំ​ក្តី ​បង ​ប៊ូ ថង ​ក្តី ​និង​អ្នករួម​ដំណើរ​ គឺជា​ប្រភេទ​សម្លៀក​បំពាក់ចុះ​សួរសុខទុក្ខ​ប្រជាជន​ ឬ​ពិនិត្យ​ការដ្ឋាន​សាងសង់​។ ​ម្យ៉ាងទៀត​រូបភាពខាងក្រោយ​មាន​ទំនប់​ និង​ដើម​ឫស្សី ដែល​ពេល​នោះ​ ខ្ញុំ​បាន​ដាក់​ឈ្មោះទីនោះ​ថា​ (​ទំនប់​អូ​ជុំ​ស្នេហ៍​)​។ ​ពេល​នោះភរិយា​ខ្ញុំ ​និង​ភរិយា​បង ​ប៊ូ ថង ​ធ្វើ​ដំណើរ​ ។

សម្តេច​តេ​ជោ ​បាន​សូម​បញ្ជាក់​ថា ​ពេល​នោះ​ ខ្ញុំ​ធ្វើ​ដំណើរ​ ៣​ខេត្ត គឺ​មណ្ឌលគិរី រតនគិរី ស្ទឹង​ត្រែង ជា​ពេលវេលា​ដ៏​លំបាក​គ្មាន​ផ្លូវ​គ្មាន​ភ្លើង​គ្មាន​អ្វី​ៗ​ដូច​សព្វ​ថ្ងៃនេះ​ទេ​។​ មក​ពី​ចរចា​រក​សន្តិភាព ​នៅ​ក្រៅប្រទេស ​ឆ្លៀត​ចុះ​ទៅ​តាម​ខេត្ត​ពិនិត្យ​សមរភូមិ​យោធា​ និង​ការ​អភិវឌ្ឍ ​។

សម្តេច​ថា​ ដើម្បី​កាន់តែ​ច្បាស់​សូម​បងប្អូន​ ដែល​ដឹង​រូបថត​នេះ ​ជួយ​ប្រាប់​ផង ​ពិសេស​អ្នក​ខេត្តរតនគិរី​ និង​បាត់ដំបង ​។
ខ្ញុំ​សូម​បង្ហាញ​រូបភាព​ក្នុង​ឯកសណ្ឋានយោធា​២​សន្លឹក​ ក្នុង​ឆ្នាំ​១៩៩០ ​ដើម្បី​ធ្វើការ​ប្រៀបធៀប​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×