ក្រសួងការពារជាតិ បានប្រកាសករណីផ្ទុះគ្រាប់បែកនៅព្រំដែនខេត្តឧត្តរមានជ័យ បណ្តាលឱ្យយោធិនកម្ពុជា ៤នាក់រងរបួស ក្រសួងការពារជាតិកំពុងស៊ើបអង្កេត ។

ជាក់ស្តែងនាល្ងាចថ្ងៃទី៦ ខែកក្កដានេះ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១២:៣៥ នាទីរសៀល កងកម្លាំងរបស់យើងបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា ។ នៅពេលកងកម្លាំងកម្ពុជា បានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ នៅពីក្រោយកងល្បាតរបស់យើង ដែលបណ្តាលឱ្យយោធិនកម្ពុជា រងរបួសចំនួន៤នាក់ ដោយសារអម្បែងគ្រាប់ ដែលពេលនេះ កំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ ។

ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ