ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ពី​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សុខាភិបាល និង​ការ​ទូទាត់​ថ្លៃ​សេវា​ឱ្យ​កាន់តែ​ប្រសើរ​សម្រាប់​សមាជិក ប​.​ស​.​ស​.

1 ខែ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តី​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​លើ​ការ​ប្រើប្រាស់ និង​ការ​ផ្តល់​សេវា​សុខាភិបាល​រវាង ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មូលដ្ឋាន​សុខាភិបាល​ដៃគូ ព្រមទាំង​យន្តការ​ទូទាត់​ថ្លៃ​សេវា នា​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដែល​មាន​សមាសភាព​ចូលរួម​ជាង ៨០​រូប មក​ពី​ក្រសួង​ការងារ ក្រសួងសុខាភិបាល ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ ប​.​ស​.​ស​. អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ទីភ្នាក់ងារ​ជាតិ​បញ្ជាក់​ចំណាយ និយ័ត​ករ​សន្តិសុខ​សង្គម និង​មូលដ្ឋាន​សុខាភិបាល ​។

កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​មាន​គោលបំណង​ពិនិត្យ​ប្រព័ន្ធ​ផ្តល់​សេវា​ឡើង​វិញ ផ្លាស់​ប្តូរ​យោបល់ និង​ប្រមូល​ធាតុ​ចូល ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​លើ​ការ​ប្រើប្រាស់ និង​ការ​ផ្តល់​សេវា​សុខាភិបាល ព្រមទាំង​កំណត់​យន្តការ​ទូទាត់​ថ្លៃ​សេវា​សម​ស្រប​សម្រាប់​សមាជិក ប​.​ស​.​ស​. ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព ស្រប​ពេល​ដែល​ចំនួន​អ្នក​ប្រើប្រាស់​សេវា​នៅ​តាម​មន្ទីរពេទ្យ​ដៃគូ​ទាំង​រដ្ឋ និង​ឯកជន​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ ​។

ជាមួយនឹង​ការ​លើក​ឡើង​ពី​ភាព​ចាំបាច់​នៃ​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ផ្តល់​សេវា ប​.​ស​.​ស​. ជូន​ដល់​សមាជិក​ទាំង​លើ​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន ដែល​ធ្វើ​ឱ្យ​សេវា​នេះ​កាន់តែ​ពេញ​និយម និង​ទាក់ទាញ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឱ្យ​ចូលរួម ជា​ពិសេស​ផ្នែក​ថែទាំ​សុខភាព​។ លើស​ពី​នេះ រាជរដ្ឋាភិបាល​ក៏​មាន​ចក្ខុវិស័យ​ពង្រីក​ការ​គ្របដណ្តប់​សេវា ប​.​ស​.​ស​. បន្ថែម​ទៀត​ប្រកបដោយ​និរន្តរភាព​ដោយ​ឈរ​លើ​គោលការណ៍​សមធម៌ និង​សមភាព ដែល​មិន​ពឹងផ្អែក​តែ​លើ​ថវិកាជាតិ​នោះ​ទេ​។

ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន សមាជិក ប​.​ស​.​ស​. កំពុង​មាន​និន្នាការ​ទៅ​ប្រើប្រាស់​សេវា​នៅ​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​ប្រកបដោយ​ភាព​ទុកចិត្ត​។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​អំពី​ភាព​ចាំបាច់​ក្នុង​ការ​ស្វែងរក​វិធីសាស្ត្រ​រួម​គ្នា ដើម្បី​ចាប់ផ្តើម​បញ្ជ្រាប លើកទឹកចិត្ត​ដល់​សមាជិក ប​.​ស​.​ស​. ឱ្យ​ងាក​ទៅ​ប្រើប្រាស់​សេវា​នៅ​មូលដ្ឋាន ដូច​ជា​មន្ទីរពេទ្យ​បង្អែក​ស្រុក ឬ​ខេត្ត ដែល​ជា​ការ​ជួយ​សម្រាល​បន្ទុក​មន្ទីរពេទ្យ​ថ្នាក់​ជាតិ ហើយ​មន្ទីរពេទ្យ​មូលដ្ឋាន​ក៏​មាន​ចំណូល​សម្រាប់​ពង្រឹងសមត្ថភាព និង​លទ្ធភាព ជា​ពិសេស រចនាសម្ព័ន្ធ ឧបករណ៍ និង​សម្ភារ​ឯកទេស ធនធានមនុស្ស បន្ទប់​ពិគ្រោះ គ្រែ​សម្រាក​ព្យាបាល ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​សមាជិក​។

បន្ទាប់​ពី​ឯកឧត្តម ឃុន ចាន់​ណា​រិ​ទ្ធ អគ្គនាយករង​នៃ ប​.​ស​.​ស​. បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង ការ​ប្រើប្រាស់​និង​ការ​ផ្តល់​សេវា​សុខាភិបាល​រវាង ប​.​ស​.​ស​. និង​មូលដ្ឋាន​សុខាភិបាល​ដៃគូ និង​យន្តការ​ទូទាត់​ថ្លៃ​សេវា​រួច​មក អង្គប្រជុំ​បាន​ពិភាក្សា​យ៉ាង​ផុសផុល និង​លើក​យោបល់​ដ៏​មាន​សារៈសំខាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ ដែល​ស្រប​តាម​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​។ អង្គប្រជុំ​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ការងារ​ដែល​បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង ដើម្បី​ជម្រាប​ឱ្យ​ដឹង​ពី​ស្ថានភាព​របស់ ប​.​ស​.​ស​. ក៏​ដូច​ជា​គាំទ្រ​ប្រសាសន៍​ប្រកបដោយ​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​ឯកឧត្តម ហេង សួរ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គប្រជុំ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ដែល​សុទ្ធសឹងតែ​ជា​ធាតុ​ចូល​ដ៏​មាន​តម្លៃ​សម្រាប់​យក​ទៅ​អនុវត្ត និង​បាន​លើកទឹកចិត្ត​អង្គប្រជុំ​សូម​ឱ្យ​បន្ត​កិច្ចសហការ​គ្នា ដើម្បី​សម្រេច​គោលដៅ​រួម​ក្នុង​ការ​រក្សា​និរន្តរភាព​នៃ​ប្រតិបត្តិការ ប​.​ស​.​ស​. ក៏​ដូច​ជា​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​៕ អត្ថបទសហការ