រាជធានីភ្នំពេញ ៖ រីនារីស្រស់ស្អាតម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិត ដោយលោតពីលើអគាខុនដូរជាន់ទី៦ បណ្ដាលឲ្យបាត់បង់ជីវិតបន្ទាប់ពីផឹកស្រវឹង យំសោករៀបរាប់ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៥និង១០នាទីថ្ងៃទី០៣ កក្កដា ២០២៦ នៅខុនដូរមួយកន្លែង លេខ៥៥៣ ផ្លូវលេខ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នារីមានវិបត្តិរូបនោះឈ្មោះ ឆ.ធ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់៦០២ ជាន់ទី៦ អាគារលេខ៥៥៣ ផ្លូវលេខ១៩៨២ ភូមិភ្នំពេញថ្មីកន្លែងកើតហេតុខាងលើ។
តាមព័ត៌មានបានឲ្យដឹងថា នារីរូបនោះបានលោត បន្ទាប់ពីផឹកស្រវឹងជោគជាំ និងយំរៀបរាប់ ហើយបានលោតចុះពីជាន់ទី៦ ធ្លាក់ចូលទៅបរិវេណផ្ទះប្រជាពលរដ្ឋនៅខាងកើតអាគារ បណ្តាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែង ។
តាមបុរសជាសង្សារឈ្មោះ ស្រឿន ដេត ហៅក្រៅ ដា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកចាក់ភ្លេងក្នុងក្លឹប (DJ) បានអោយដឹងថា ខ្លួននិងមិត្តស្រី បានស្នាក់នៅក្នុងខុនដូ ជាមួយគ្នារយៈពេលប្រមាណមួយឆ្នាំមកហើយ។ នៅវេលាយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ខណៈពេលដែលខ្លួនកំពុងធ្វើការនៅក្នុងក្លឹប ស្រាប់តែមិត្តស្រី រួមនឹងមិត្តភក្តិ ពីរនាក់ទៀត បាននាំគ្នាទៅផឹកស៊ីនៅក្នុងក្លឹប រហូតដល់ម៉ោង២រំលងអធាត្រ ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក៏បាននាំគ្នាទៅផឹកស៊ីនៅបន្ទប់ខុនដូរ ទៀត ។
តាមបុរសជាសង្សារ បានឲ្យដឹងទៀតថា ខណៈនោះសង្សារ និងមិត្តភក្តិស្រីប្រុសទាំងអស់ ៣នាក់ បានផឹកបន្ត ចំណែកខ្លួន បានអង្គុយចុចទូរសព្ទនៅលើពូក។ នៅពេលនោះ សង្សាររបស់ខ្លួន ផឹកស្រវឹងយំបណ្ដើរ ហើយខ្លួនក៏បាននៅសួរនាំ ពិបាកចិត្តរឿងអី តែនាងពុំបាននិយាយស្ដីឡើយ។ លុះនៅវេលាម៉ោងប៉ុន្មាន៤ទៀបភ្លឺ មិត្តភក្កិប្រុសស្រី ពីរនាក់ បានត្រឡប់ទៅផ្ទះវិញបាត់ទៅ។ លុះក្រោយមកសង្សាររបស់ខ្លួន បានវាយបំបែកកញ្ចក់ និងរត់តម្រង់ទៅក្រៅបន្ទប់ លោតចុះក្រោមតែម្តង។ ហើយខ្លួន រត់ចុះមកក្រោមទៅមើលឃើញសង្សាររបស់ខ្លួនស្លាប់បាត់ទៅហើយ ។
តាមព័ត៌មានបានឲ្យដឹងទៀតថា នៅវេលាល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ជនរងគ្រោះ រួមទាំងមិត្តភក្កិ ចំនួន៤នាក់ បាននាំគ្នាទៅផឹកស៊ី នៅហាងមួយកន្លែងនៅម្ដុំបឹងបៃតង នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយផឹកស្រវឹង ស្ត្រីរងគ្រោះ ក៏បានយំរៀបរាប់ ប្រាប់មិត្តភក្តិ ពិបាកចិត្តរឿងសង្សាររបស់ខ្លួន មិនមើលថែ។ លុះក្រោយមក យប់ជ្រៅនារីរងគ្រោះ ក៏បាននាំមិត្តភក្តិប្រុសស្រីទៅផឹកនៅក្នុងក្លឹបសង្សាររបស់នាងទៀត និងបន្តមកផឹកនៅខុនដូរ មិននឹកស្មានថា នាងគិតខ្លីបែបនេះ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅនគរបាលជំនាញចុះត្រួតពិនិត្យ ។
តាមការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយបែកក្បាល និងប៉ះទង្គិចខ្លួនប្រាណធ្ងន់ធ្ងរ ដោយធ្វើអត្តឃាតលោតចេញពីបន្ទប់ជាន់ទី៦ ៕








<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ