ទីបំផុត! ចៅក្រមសម្រេចចេញដីកាដោះលែង K01 ពីពន្ធនាគារព្រៃសវិញហើយ បន្ទាប់ពីជាប់ឃុំបានមួយយប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចចេញដីកាដោះលែងលោក ឃឿន សុឡា ហៅ K01 ពីពន្ធនាគារ «ម១» ព្រៃសវិញ ក្រោយពីចេញដីកាបង្គាប់ឲ្យឃុំខ្លួន កាលពីវេលាម៉ោងប្រមាណ៦ និង៣០នាទីល្ងាចថ្ងៃទី២ ខែកក្កដា បន្ទាប់ពីសាកសួរពេញមួយថ្ងៃពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាលើអ្នកដទៃ ។

នេះជាការសម្រេចចិត្តរបស់លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យឃុំខ្លួននៅល្ងាចថ្ងៃទី២ ខែកក្កដា និងឲ្យ K01 ចូលផ្លាស់ប្ដូរសម្លៀកបំពាក់អ្នកទោសនៅព្រៃសបាន១យប់ ។
លុះមកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក៏មានដីកាបង្គាប់ឲ្យដោះលែងវិញ និងបានសម្រេចដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទហិង្សាដោយចេតនា តាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។
មិនខុសគ្នាពីដីកាបង្គាប់ឲ្យឃុំខ្លួនដែលចុះហត្ថលេខា ដោយលោកចៅក្រម ឡោ ក្រឹម ដែរ បានបញ្ជាក់ថា ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅក្រុមហ៊ុន «ខេ០១រៀលអ៊ីស្ទេត ឯ.ក» ស្ថិតនៅដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា មុនពេលចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកK01នាព្រឹកថ្ងៃដដែលនោះ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា «ករណីនេះ ត្រូវបានតំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទហិង្សាដោយចេតនាបទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ» ។
យោងតាមការចោទប្រកាន់ពីបទហិង្សាដោយចេតនា មាត្រា២១៧ អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ៦លានរៀល ។ ដូច្នេះ សំណុំរឿងលោក ឃឿន សុឡា ហៅ K01 ប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ ។
នេះបើសិនជាតុលារការរកមិនឃើញនូវបទល្មើសផ្សេងណាមួយទៀតនោះ ។ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបន្តការស៊ើបអង្កេតបន្ថែម និងឈានទៅបើកសវនាការជំនុំជម្រះលើអង្គសេចក្តីទាំងមូល ។ ទោះបីជាបែបណា ការសម្រេចឲ្យដោះលែងវិញនេះ មិនដឹងថាមកពីមូលហេតុអ្វីនោះទេ ៕


ចែករំលែកព័តមាននេះ