មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក(CDC)បានព្រមានថា ឆ្នាំនេះ ប្រទេសអាមេរិកកំពុងជួបប្រទះនឹងការផ្ទុះឡើងនៃមេរោគ West Nile (ឆ្លងតាមរយៈមូសខាំ) លឿនជាងដង បើធៀបនឹងរដូវកាលធម្មតាក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។
ជាទូទៅ ករណីមេរោគ West Nile ចាប់ផ្តើមកើនឡើងនៅខែកក្កដា និងឡើងដល់កំពូលនៅខែសីហា និងកញ្ញា ។ ប៉ុន្តែឆ្នាំនេះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា រដ្ឋនានាបានរាយការណ៍ពីករណីឆ្លងចំនួន៤៨ករណី ទៅកាន់ CDC រួចជាស្រេចទៅហើយ ។
ក្នុងចំណោមករណីទាំងនោះ មានជិត៨០% (៣៨ករណី) ជាប្រភេទជំងឺធ្ងន់ធ្ងរ ដែលមេរោគបានជ្រាបចូលទៅបំផ្លាញខួរក្បាល និងប្រព័ន្ធប្រសាទ ។ លើកចុងក្រោយដែលរដូវកាលមេរោគនេះ ចាប់ផ្តើមលឿនបែបនេះ គឺនៅក្នុងឆ្នាំ២០០៤ ដែលឆ្នាំនោះ បានបញ្ចប់ទៅដោយមានអ្នកឆ្លងជាង២,៥០០នាក់ និងស្លាប់១០០នាក់។
ដោយសារតែការគំរាមកំហែងនេះ លោកវេជ្ជបណ្ឌិត Peter Hotez អ្នកឯកទេសខាងជំងឺឆ្លងនៅទីក្រុងហ៊ូស្តុន សុខចិត្តស្លៀកពាក់ជិតឈឹង (អាវយឺតដៃវែងមានមួក ខោជើងវែង ស្រោមជើង និងស្បែកជើង) ទោះបីជាអាកាសធាតុកំពុងក្តៅខ្លាំងយ៉ាងណាក៏ដោយ ដើម្បីការពារខ្លួនពីមូសខាំ ។
លោកវេជ្ជបណ្ឌិត Hotez បានបញ្ជាក់ថា លោកមិនចង់រងគ្រោះដូចលោកវេជ្ជបណ្ឌិត Anthony Fauci (អតីតប្រធានវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លង) ឡើយ ។ លោក Fauci ធ្លាប់បានឆ្លងមេរោគ West Nile នេះពីមូសខាំនៅក្នុងទីធ្លាផ្ទះរបស់លោក កាលពីឆ្នាំ ២០២៤ ហើយលោកបានរៀបរាប់ថា វាជា «ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបំផុតក្នុងជីវិតរបស់លោក» ជាពិសេស ជំងឺនេះមានគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់មនុស្សដែលមានអាយុលើសពី៦៥ឆ្នាំឡើងទៅ ។

ចែករំលែកព័តមាននេះ