រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ ICRC ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលដោះលែងវីរកងទ័ពកម្ពុជា ១៨ រូប ពីការចាប់ខ្លួនរបស់ភាគីថៃ កាលពីពេលកន្លងទៅ ។

ជាក់ស្តែងក្រសួងការពារជាតិ បានប្រកាសនាព្រឹកថ្ងៃទី០៣ ខែកក្កដានេះថា ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Jürg Montani ប្រធានប្រតិភូថ្នាក់តំបន់អាស៊ី នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) និងសហការី ។

ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលបានបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា ជាពិសេសការសម្របសម្រួលយ៉ាងសកម្មប្រកបដោយផ្លែផ្កា ក្នុងការឈានទៅដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់នាពេលកន្លងមក ហើយនេះគឺជាការរួមចំណែកដ៏មានសារៈសំខាន់របស់ ICRC ។
ជាការឆ្លើយតប លោក Jürg Montani បានបង្ហាញពីការពេញចិត្តក្នុងការចូលរួមចំណែក សម្របសម្រួល និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ICRC ក្នុងការបន្តគាំទ្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់ក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងកម្ពុជា និងថៃ ។
ជាលទ្ធផល ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងយោធពលខេមរភូមិន្ទ និង ICRC ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅក្នុងតំបន់ ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ