រាជធានីភ្នំពេញ ៖ ទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ឃឿន សុឡា ហៅ K01 ដាក់ពន្ធនាគារ “ម១” ព្រៃស ជាបណ្តោះអាសន្ន នៅវេលាម៉ោងប្រមាណ០៦និង៣០នាទីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីសាកសួរពេញមួយថ្ងៃ ។
មុនពេលចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន K01 នាព្រឹកថ្ងៃនេះដែរ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ «ករណីនេះ ត្រូវបានតំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទ.ហិង្សាដោយចេតនា បទល្មើសនេះ ដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ» ។
យោងតាមការចោទប្រកាន់ពីបទ.ហិង្សាដោយចេតនា មាត្រា ២១៧ អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ៦លានរៀល។ ដូច្នេះ សំណុំរឿងលោក ឃឿន សុឡា ហៅ K01ប្រឈមជាប់ពន្ធនាគារចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ នេះបើសិនជាតុលារការ រកមិនឃើញនូវបទល្មើសផ្សេងណាមួយទៀតនោះ។ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបន្តការស៊ើបអង្កេតបន្ថែម និងឈានទៅបើកសវនាការជំនុំជម្រះលើអង្គសេចក្តីទាំងមូល ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការបង្ហោះ និងចែកចាយនៅក្នុងបណ្ដាញសង្គមពីអំពើហិង្សាពីសំណាក់ លោក ឃឿន សុឡា ហៅ K01 ទៅលើយុវជនម្នាក់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ អនុវត្តលើករណីនេះបន្ទាន់(ទោះបីជនរងគ្រោះមិនប្ដឹង ក៏នគរបាលយុត្តិធម៌ដើរតួនាទីជាដើមបណ្ដឹង) ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបង្ហោះសារសូមអញ្ជើញ លោក K01 ចូលមកបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ វេលាម៉ោង ០៨និង០០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅជាន់ទី៣ ផែននគរបាលព្រហ្មទណ្ឌ។លុះក្រោយមកលោក ឃឿន សុឡា ហៅ K01 ក៏បានសុំទោសជាសារណៈ។ ទោះបីជាយ៉ាងណា បន្ទាប់ពីចូលខ្លួនសាកសួរលោក ឃឿន សុឡា ហៅ K01 ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់៕




ចែករំលែកព័តមាននេះ