ទីក្រុងបាងកក៖ ព្រះសង្ឃពុទ្ធសាសនា៨អង្គបានសុគតកាលពីពេលថ្មីៗនេះនៅប្រទេសថៃ ខណៈដែលព្រះសង្ឃជាង២០អង្គទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយកុមារាវ័យ១១ឆ្នាំម្នាក់បើកឡានភិកអាប់របស់ប៉ាម៉ាក់របស់គាត់។ ហេតុការណ៍នេះកើតឡើងនៅប្រទេសថៃភាគឦសាន។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីសមត្ថកិច្ច។ ព្រះសង្ឃ៣៥អង្គបាននិមន្តជាមួយឧបាសក៥នាក់តាមដងវិថីមួយខ្សែនៃខេត្តមុខដាហាន (Mukdahan) ដើម្បីធ្វើធម្មយាត្រា។ កំពុងនិមន្តសុខៗស្រាប់តែកើតមានឧបទ្ទវហេតុនេះតែម្ដង។

តាមរយៈវីឌីអូឃ្លីបដែលគេចែកចាយលើអនឡាញ គេឃើញស្បង់ពណ៌លឿងទុំរបស់ព្រះសង្ឃ និងរបស់របរដទៃទៀតរាយប៉ាយពាសពេញផ្លូវ និងឃើញឡានក៏រងការខូចខាតផងដែរ។ ព្រះសង្ឃ៥អង្គសុគតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបីអង្គទៀតសុគតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ សមត្ថកិច្ចអះអាងថាក្មេងប្រុសនោះឡើងជិះឡានដោយប៉ាម៉ាក់របស់គេមិនបានអនុញ្ញាតទេ។ បើកឡានសុខៗ កុមារនោះក៏បាត់ម្ចាស់ការ ហើយបើកបុករះទៅលើព្រះសង្ឃតែម្ដង។ ឧត្ដមសេនីយ៍នគរបាលថៃមួយរូបថ្លែងថាសមត្ថកិច្ចកំពុងស៊ើបអង្កេតរកមូលហេតុនេះហើយ ហើយឡានដែលបង្កហេតុនោះក៏ត្រូវសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកដើម្បីធ្វើកោសល្យវិច័យផងដែរ។

សមត្ថកិច្ចបានប្រកាសឱ្យប៉ាម៉ាក់របស់ក្មេងនោះចូលបង្ហាញខ្លួនដើម្បីកំណត់ឱ្យច្បាស់ថាតើនរណាជាអ្នកទទួលខុសត្រូវពិតប្រាកដនៅក្នុងការមើលថែទាំក្មេងនោះ។ បន្ទាប់មក សមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។ មន្ទីរពេទ្យប្រចាំខេត្តមុខដាហានកំពុងអំពាវនាវរកការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះព្រះសង្ឃជាច្រើនអង្គទៀតដែលកំពុងរងរបួស និងកំពុងគង់សម្រាកព្យាបាលនៅទីនោះ។ ព្រះសង្ឃ៤អង្គកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ខណៈដែលព្រះសង្ឃ១០អង្គទៀតរងរបួសធ្ងន់។ ព្រះសង្ឃដទៃទៀតដែលរងរបួសស្រាលជាងនេះក៏នៅបន្តគង់នៅមន្ទីរពេទ្យដើម្បីទទួលសេវាព្យាបាល។

ព្រះសង្ឃមួយអង្គព្រះនាមព្រះសំពង្សដែលស្ថិតនៅក្នុងចំណោមព្រះសង្ឃធ្វើធម្មយាត្រានោះដែរមានថេរដីកាថាព្រះអង្គកំពុងតែសូត្រធម៌សមាធិ «ពុទ្ធោ ពុទ្ធោ» ស្រាប់តែឧបទ្ទវហេតុនេះកើតមានឡើងតែម្ដង។ ព្រះអង្គមានថេរដីកាបន្តទៀតថា «អាត្មាឃើញក្មេងប្រុសម្នាក់បើកឡានភិកអាប់តម្រង់មករកក្រុមអាត្មា។ មិនយូរប៉ុន្មាន ឡានក៏បើកបុកក្រុមអាត្មាពេញទំហឹង។ សំណាងល្អ អាត្មា និងព្រះសង្ឃមួយអង្គទៀតអាចលោតចេញពីផ្លូវទាន់ពេល»។ ព្រះសង្ឃដែលនិមន្តស្របទិសគ្នាអាចរួចផុតពីការសុគត។ ចំណែកព្រះសង្ឃក្រៅពីនេះត្រូវឡានបុកខ្ទាត ហោះទៅលើអាកាសមុននឹងធ្លាក់មកដីវិញ៕ ប្រភព៖ BBC

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ