ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ម្ចាស់​ហាង​«​កា​កា​សាឡ​ន​» ខឹង​ស្ត្រី​អនាម័យ រើស​ទូរ​សព្ទ​យក​ទៅ​លក់ វាយ​រួច​បង្ខាំង​ទុក​ហើយ​គំរាម​កាត់​ម្រាមដៃ

1 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ អ៊ុត ខុន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្តី​ពី​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​បុរី​សាន​កូ ស្ថិត​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត និង​នៅ​ចំណុច​ហាង​«​កា​កា​សាឡ​ន​» ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ គុំ លី​កា ហៅ​ក្រៅ កា​កា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ម្ចាស់​ហាង​កា​កា​សាឡ​ន ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ទទួល​បាន​បណ្តឹង​ខាងលើ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួម​ទាំង​ដកហូត​វត្ថុ​តាង កាំបិតប៉័ងតោ ដង​ឈើ ប្រវែង​៣០​សង់ទីម៉ែត្រ ចំនួន​០១​ដើម នៅ​ចំណុច​ហាង​កា​កា​សាឡ​ន ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សួរនាំ​តាម​នីតិវិធី ។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​គ្មាន​កូន គ្មាន​ផ្ទះសម្បែង ហើយ​ដើរ​ធ្វើ​អនាម័យ​តាម​ផ្ទះ ដើម្បី​យក​ប្រាក់​ឈ្នួល ក្រោយ​ក​ក៏​បាន​សុំ​ជនសង្ស័យ​ខាងលើ​ស្នាក់​នៅ​ជាមួយ ដើម្បី​ធ្វើ​ជា​អ្នក​អនាម័យ ហើយ​ស្នាក់​នៅ​ហូប​ចុក​ជាមួយ​គ្នា​រាប់អាន​គ្នា ដូច​ម្តាយកូន អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​។ ហើយ​មាន​ថ្ងៃមួយ ជនជាតិ​ចិន​ដែល​ជា​សង្សារ​បា​របស់​ជនសង្ស័យ​ខាងលើ បាន​យក​ទូរ​សព្ទ និង​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​(​អាច​ពាក់ព័ន្ធ​អន​ឡាញ​ស្គែ​ម​)​មក​ផ្ញើ​ជនសង្ស័យ​។ ពេល​នោះ ជន​រង​គ្រោះ កំពុងធ្វើការ​ងារ​អនាម័យ ស្រាប់តែ​ឃើញ​ទូរ​សព្ទ ចំនួន​០៣​គ្រឿង ធ្លាក់​ចេញ​មក​ក្រៅ ហើយ​ខ្លួន​ក៏​បាន​យក​ទូរ​សព្ទ​នោះ ទៅ​លក់​ឲ្យ​អ្នកទិញ​ទូរ​សព្ទ​ខូច​ៗ​តាម​ផ្លូវ បាន​ប្រាក់​ចំនួន ២០០,០០០​រៀល​(​ម្ភៃ​ម៉ឺន​)​រៀល ស្រាប់តែ​ថៅកែ​ស្រី​(​ជនសង្ស័យ​) បានដឹង​ថា ជន​រង​គ្រោះ​លួច​ទូរ​សព្ទ​យក​ទៅ​លក់ ខ្លួន​ក៏​បាន​យក​កំណាត់ឈើ វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​រង​របួស​ចេញ​ឈាម​ជា​ច្រើន​កន្លែង និង​បាន​យក​កាំបិតប៉័ងតោ​មក​គំរាម​កាត់​ម្រាម​ដៃជើង​របស់​ជន​រង​គ្រោះ ហើយ​ថែម​ទាំង​គំរាម​មិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​ទៀត​ផង ។

ក្រោយមក​នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ ជន​រង​គ្រោះ មានឱកាស​ឡើង​លើដំបូល​ផ្ទះ ពី​ខាងក្រោយ រួច​ដើរមក​ខាង​មុខ​ហាង ហើយ​សម្រូត​ខ្លួន​ចុះ​តាម​ចម្រឹង​ដែក ពេល​ចុះ​មក​ដល់​ក្រោម បាន​ជិះ​ម៉ូតូឌុប​ទៅ​ផ្ទះ​ប្អូនស្រី​នៅ​មណ្ឌល​៤ ដើម្បី​ព្យាបាល​របួស ហើយ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង តែ​ម្តង ។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​សកម្មភាព​ប្រើ​អំពើ​ហិង្សា​ដូច​ការ​ប្តឹង​ចោទប្រកាន់​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ ដោយសារ ខឹង​នឹង​ជន​រង​គ្រោះ យក​ទូរ​សព្ទ​ដែល​ជនជាតិ​ចិន ជាស​ង្សា​របស់​ខ្លួន យក​ទៅ​លក់​យក​លុយ ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕