ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​អូស្ត្រាលី​ចាប់​ខ្លួន​នារី​អាកាស​ចរណ៍​ជន​ជាតិ​ថៃ​វ័យ​ក្មេង​ម្នាក់​ពី​បទ​នាំ​ចូល​គ្រឿ.ង​ញៀ.ន​ហេ.រ៉ូ.អ៊ី.ន

16 ម៉ោង មុន

ទី​ក្រុង​ស៊ីដនី៖ ថ្ងៃ​នេះ នគរ​បាល​អូស្ត្រាលី​ចាប់​ខ្លួន​បុគ្គលិក​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃម្នាក់​​ និង​នាំ​ខ្លួន​​ទៅ​ចោទ​ប្រកាន់​នៅមុខ​តុលាការ​ពី​បទ​នាំ​ចូល​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ទម្ងន់​ជាង​មួយ​គីឡូ​ក្រាម​ពី​ប្រទេស​ថៃ​ចូល​ទៅ​​ទី​ក្រុង​មែល​បឺន (Melbourne)។ ស្ត្រី​វ័យ​២៦​ឆ្នាំ​ម្នាក់​នោះ​មាន​ភារកិច្ច​ត្រូវ​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​នៅ​ពេល​នាង​ទៅ​ដល់​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​មែល​បឺន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ក្រោយ​មក​ នាង​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បង្ក​ការ​សង្ស័យ​នៅ​ពេល​ត្រួត​ពិនិត្យ​ឥវ៉ាន់​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​របស់​នគរ​បាល​សហ​ព័ន្ធ​របស់​អូស្ត្រាលី​ដែល​បង្ហោះ​លទ្ធ​ផល​ស៊ើប​អង្កេត​របស់​ខ្លួន​នៅ​លើ​គេហ​ទំព័រ​។

នគរ​បាល​ថ្លែង​បន្ត​ទៀត​ថា​ការ​ឆ្លុះ​កាំ​រស្មី​អ៊ិច​ និង​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​នៅ​​ពេល​ក្រោយ​មក​ទៀត​បង្ហាញ​ថា​គេ​បាន​រក​ឃើញ​ម្សៅ​ពណ៌​ស​ដែល​លាក់​ទុក​នៅ​ក្នុង​កាបូប​ចំនួន​១២។ លទ្ធ​ផល​ធ្វើ​តេស្ត​បឋម​បង្ហាញ​ថា​នោះ​ជា​ម្សៅ​​ហេរ៉ូអ៊ីន​ ដែល​គិត​ជា​ទឹក​ប្រាក់​នៅ​លើ​ទី​ផ្សារ​ងងឹត​ស្មើ​នឹង​​កន្លះ​លាន​ដុល្លារ​អូស្ត្រាលី (៣,៤៥​សែន​​ដុល្លារ​អាមេរិក​)។ ​រដ្ឋ​អាជ្ញា​បាន​ចោទ​ប្រកាន់​នារី​ថៃ​រូប​នោះ​ពី​បទ​នាំ​ចូល​ និង​កាន់​កាប់​ដោយ​ខុស​ច្បាប់​នូវ​គ្រឿង​ញៀន​។ ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន នាង​អាច​នឹង​ជាប់​ពន្ធ​នា​គារ​២៥​ឆ្នាំ​។ ប៉ុណ្ណឹង​នៅ​ធូរ​ទេ​ បើ​នៅ​សិង្ហបុរី​ប្រហារ​ជីវិត​តែ​ម្ដង​។

សមត្ថ​កិច្ច​នឹង​នាំ​ខ្លួន​នាង​ឡើង​តុលា​ការ​ទី​ក្រុង​មែល​បឺន​​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​។ លោក​ស៊ីម៉ូន បាត់​ឆឺ (Simone Butcher) ជា​អគ្គ​ស្នង​ការ​ស្ដី​ទី​នៃ​នគរ​បាល​សហ​ព័ន្ធ​របស់​អូស្ត្រាលី​ថ្លែង​ថា​ស្ថាប័ន​នេះ​នឹង​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដោយ​ឥត​បន្ធូរ​ដៃ​ទេ​ដើម្បី​​តាម​ប្រមាញ់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ឆ្លៀត​ឱកាស​ប្រើ​ប្រាស់​តួនាទី និង​មុខ​តំណែង​របស់​ខ្លួន​ដើម្បី​រត់​ពន្ធ​គ្រឿង​ញៀន​។ នគរ​បាល​អូស្ត្រាលីមិន​បាន​បង្ហាញ​អត្ត​សញ្ញាណ និង​ឈ្មោះ​របស់​នារី​ជាប់​ចោទ​ខាង​លើ​នេះ​ទេ​។ សូម្បី​តែ​ឈ្មោះ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​នាង​ធ្វើ​ការ​ក៏​គេ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ថៃ​អ៊ែវេ (Thai Airways) ប្រកាស​ជា​ចំ​ហ​ថា​នារី​បាហុ​និកា​របស់​ខ្លួន​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃុំ​ខ្លួន​នៅ​ទី​ក្រុង​មែល​បឺន​។ ក្រុម​ហ៊ុន​ប្រកាស​បន្ត​ទៀត​ថា​ខ្លួន​កំពុង​សហ​ការ​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​អាជ្ញា​ធរ​។ ក្រុម​ហ៊ុន​អះ​អាង​ថា​ខ្លួន​មិន​កាន់​ជើង​មនុស្ស​ខូច​ទេ​ប្រសិន​បើ​សាមី​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​កំហុស​មែន​ ហើយ​ខ្លួន​នឹង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​រឿង​នេះ​។ ក្រុម​ហ៊ុន​សូម​បញ្ជាក់​ថា​រាល់​បុគ្គលិក​ទាំង​អស់​បាន​​ដឹង​ឮ​រួច​ហើយ​អំពី​ការ​ប្រកាន់​វិន័យ​យ៉ាង​តឹង​រ៉ឹង​បំផុត​មិន​​ឱ្យ​កាន់​កាប់​ នាំ​ចូល នាំ​ចេញ​ ឬ​ជាប់​ពាក់​ព័ន្ធ​​នឹង​គ្រឿង​ញៀន ឬ​សារ​ធាតុ​ខុស​ច្បាប់​នោះឡើយ​។ ទន្ទឹម​នឹង​នោះ នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ជំនុំ​ជម្រះ​ក្ដី​នេះ ក្រុម​ហ៊ុន​ក៏​កំពុង​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ដើម្បី​ធានា​ថា​បុគ្គលិក​របស់​ខ្លួន​ដែល​ជាប់​ចោទ​នោះ​ទទួល​បាន​សិទ្ធិ​ជា​មូល​ដ្ឋាន​៕ ប្រភព៖ Channel News Asia