ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ម៉ាឡេស៊ី​យល់​ព្រម​អនុ​ញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯក​ជន​ស្វែង​រក​យន្ត​ហោះ MH370 រយៈ​ពេល​មួយ​ឆ្នាំ​ទៀត

17 ម៉ោង មុន

ទី​ក្រុង​គូឡា​ឡាំពួរ៖ ប្រទេស​ម៉ាឡេស៊ី​បន្ត​សុពល​ភាព​នៃ​ការ​ស្វែង​រក​យន្ត​ហោះ​​ដឹក​អ្នក​ដំណើរ​ឈ្មោះ​  MH370 ដែល​បាន​បាត់​ខ្លួន​អស់​រយៈ​ពេល​ជាង​១២​ឆ្នាំ​មក​ហើយ​តាំង​ពី​ខែ​មីនា ឆ្នាំ​២០១៤​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​គូឡា​ឡាំពួរ​ឆ្ពោះ​ទៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​។ ខាង​លើ​នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​ដឹក​ជញ្ជូន​ម៉ាឡេស៊ី​។ ក្រុម​ហ៊ុន​ដែល​ចុះ​កុង​ត្រា​ជា​មួយ​រដ្ឋាភិបាល​នៅ​ក្នុង​ដំណើរ​ស្វែង​រក​នេះ​ឈ្មោះអូសឹន អ៊ីន​ហ្វ៊ី​នីធី (Ocean Infinity) ទទួល​បាន​សិទ្ធិ​ស្វែង​រក​ MH370 រយៈ​ពេល​មួយ​ឆ្នាំ​ជា​បន្ត​ទៀត​។

យន្ត​ហោះ​​បូអ៊ីង៧៧៧ (Boeing 777) នោះ​ដឹក​អ្នក​ដំណើរ​សរុប​២២៧ និង​បុគ្គ​លិក​ក្រុម​ហ៊ុន​១២​នាក់​។ កំពុង​តែ​ហោះ​ហើរ​នៅ​លើ​អាកាស​សុខ​ៗ​ យន្ត​ហោះ​ស្រាប់​តែ​បាត់​ដាន​ពី​ប្រ​ព័ន្ធ​រ៉ាដា​សម្រាប់​កត់​ត្រា​ការ​ហោះ​ហើរ​ ហើយ​ក៏​បាន​ក្លាយ​ជា​អាថ៌​កំបាំង​ដ៏​ធំ​បំផុត​នៅ​ក្នុង​វិស័យ​អាកាស​ចរណ៍។ កាល​ពី​ពេល​កន្លង​មក​ មាន​ការ​រុក​រក​យន្ត​ហោះ​នេះ​ជា​ហូរ​ហែ​​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ដ៏​ទាន់​សម័យ​អាច​មើល​ឃើញ​ច្បាស់​ចែស​ដល់​បាត​សមុទ្រ​​។ មាន​ន័យ​ថា​ប្រសិន​បើ​យន្ត​ហោះ​នេះ​ស្ថិត​នៅ​កន្លុក​កន្លៀត​ណាក៏​មិន​អាច​លាក់​កំបាំង​បាន​ដែរ​។ ប៉ុន្តែ​ការ​រុក​រក​ទាំង​នោះ​មិន​ទាន់​ទទួល​បាន​លទ្ធ​ផល​​នៅ​ឡើយ​ទេ​។

​ក្រុម​​ហ៊ុន​ Ocean Infinity ធ្លាប់​បើក​ប្រតិ​បត្តិ​ការ​ស្វែង​រក​យន្ត​ហោះ​នោះ​រហូត​ដល់​ឆ្នាំ​២០១៨។ កាល​ពី​ឆ្នាំ​២០២៥ ក្រុ​ហ៊ុន​បាន​ចុះ​កិច្ច​សន្យា​ថ្មី​ជា​មួយ​រាជ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដើម្បី​បន្ត​​កិច្ច​ការ​​ស្វែង​​​រក​របស់​ខ្លួន​នៅ​លើផ្ទៃ​ក្រឡា​ដី​​១៥០០០​គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ក្នុង​លក្ខ​ខណ្ឌ​ថា​ទាល់​តែ​រក​ឃើញ​យន្ត​ហោះ​នោះ​ទើប​ម៉ាឡេស៊ី​ប្រគល់​លុយ​៧០​លាន​ដុល្លារ​ទៅ​ឱ្យ​​។ ការ​បន្ត​សុពល​ភាព​​ស្វែង​រក​យន្ត​ហោះ​នោះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ដឹក​ជញ្ជូន​ម៉ាឡេស៊ី​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កក្ក​ដា​ឆ្នាំ​នេះ​រហូត​ដល់​ចុង​ខែ​មិថុនា​ឆ្នាំ​​ក្រោយ​​។

អាជ្ញា​ធរ​ថ្លែង​ថា​ការ​សម្រេច​ចិត្ត​ផ្ដល់​សិទ្ធិ​ស្វែង​រក​យន្ត​ហោះ​នេះ​ជា​ការ​បង្ហាញ​ថា​រាជ​រដ្ឋាភិបាល​ម៉ាឡេស៊ី​មាន​ឆន្ទៈ​មោះ​មុត​ក្នុង​ការ​ស្វែង​រក​ការ​ពិត​នៅ​ពី​​​ក្រោយ​ហេតុ​ការណ៍​នេះ​ និង​ចង់​ដឹង​អំពីជោគ​វាសនា​របស់​អ្នក​ដំណើរ​នៅ​ក្នុង​យន្ត​ហោះ​នោះ​។ ការ​បន្ថែម​ពេល​វេលា​មួយ​ឆ្នាំ​ទៀត​នេះ​គឺ​ដើម្បី​​ឱ្យ​ក្រុម​ហ៊ុន​ Ocean Infinity ស្វែង​រក​​នៅ​លើ​ទី​តាំង​ដែល​នៅ​សល់​ចំនួន​ជាង​៧​ពាន់​គីឡូ​ម៉ែត្រ​កា​រ៉េ​ទៀត​៕ ប្រភព៖ Reuters និង The Independent