ទីក្រុងម៉ូស្គូ៖ កងទ័ពរុស្ស៊ីកំពុងសម្រួចទិសដៅឆ្ពោះទៅទីក្រុងកូស្ទីយ៉ាន់ទីនីវកា (Kostiantynivka) ដែលជាទីតាំងឈរជើងដ៏រឹងមាំរបស់អ៊ុយក្រែននៅភាគខាងកើត។ រុស្ស៊ីចង់បានទីនោះជាយូរមកហើយ។ ទន្ទឹមនឹងនោះ បើគេពិនិត្យមើលជារួមនៅលើសមរភូមិប្រវែង១២០០គីឡូម៉ែត្រនោះ គេឃើញថាចលនាវាយសម្រុកទៅមុខរបស់រុស្ស៊ីហាក់ដូចជានៅទ្រឹងមួយកន្លែង។ ភាគីទាំង២ប្រែក្លាយសមរភូមិទៅជាការប្រយុទ្ធគ្នានៅតាមទីក្រុងវិញម្ដង។ ទាហានរុស្ស៊ីជាកងតូចៗកំពុងព្យាយាមវាយចូលតំបន់ខ្សែក្រវាត់ក្រុង។ នេះបើយោងតាមមេបញ្ជាការកងទ័ពអ៊ុយក្រែនប្រាប់ឱ្យដឹងកាលពីសប្ដាហ៍មុន។

កូស្ទីយ៉ាន់ទីនីវកាស្ថិតនៅចុងខាងត្បូងបំផុតនៃទីតាំងចំនួនបួនធំៗដែលបង្កើតជាខ្សែការពារតំបន់ដូញែត (Donetsk) ជាទីតាំងឧស្សាហកម្មដ៏សំខាន់។ ការដែលកងទ័ពរុស្ស៊ីចង់វាយតម្រង់ទៅរកទីក្រុងនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថារុស្ស៊ីនៅតែមានប្រៀបខាងយោធា។ អ្នកវិភាគយល់ថាទោះបីអ៊ុយក្រែនបញ្ជូនដ្រូនទៅវាយប្រហារទីតាំងភ័ស្តុភាររបស់រុស្ស៊ីយ៉ាងណាក្ដីក៏បំផ្លិចបំផ្លាញ ឬបន្ទច់បង្អាក់ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ។ លោកអេមីល កាស់ស្តេហិលមី (Emil Kastehelmi) ជាអ្នកវិភាគប្រចាំក្រុម «បក្សីខ្មៅ» យល់ថាការវាយប្រហារដោយប្រើប្រាស់ដ្រូនរយៈចម្ងាយមធ្យមរបស់អ៊ុយក្រែនមិនទាន់បង្កបញ្ហាធ្ងន់ធ្ងរសម្រាប់រុស្ស៊ីទេ។ ហេតុនេះ គេឃើញថារុស្ស៊ីមិនបានផ្អាកយុទ្ធនាការវាយលុករបស់ខ្លួនឡើយ។

ប្រសិនបើរុស្ស៊ីវាយយកបានទីក្រុងកូស្ទីយ៉ាន់ទីនីវកា ពួកគេនឹងមានទ្រនំថ្មីសម្រាប់ជ្រកកោន។ បន្ទាប់មក ពួកគេនឹងជម្រុលដំណើរទៅភាគខាងជើងទៀត។ ប៉ុន្តែពួកគេក៏ត្រូវការពេលវេលា និងពលីជីវិតយុទ្ធជនមិនតិចនាក់នោះទេ។ ពោលគឺមិនខុសពីការវាយយកទីក្រុងផូករ៉ូស (Pokrovsk) និងអាវឌីអ៊ីវកា (Avdiivka) នោះឡើយ។ លោកពូទីននៅតែនិយាយម្ដងហើយម្ដងទៀតថារុស្ស៊ីត្រូវតែគ្រប់គ្រងតំបន់ដូញែតទាំងមូលប្រសិនបើចង់ឱ្យសង្គ្រាមនេះបិទបញ្ចប់ទៅវិញ។ ក្រោយសង្គ្រាមរយៈពេលជាងបួនឆ្នាំ អ៊ុយក្រែនអាចបន្តគ្រប់គ្រងតំបន់នេះប្រហែល២០%។

កាលពីសប្ដាហ៍មុន លោកពូទីនថ្លែងថារុស្ស៊ីជិតវាយយកបានទីក្រុងកូស្ទីយ៉ាន់ទីនីវកាហើយ។ ទីក្រុងនេះកាលពីមុនពេលផ្ទុះសង្គ្រាមមានប្រជាជនសរុបជិត៧ម៉ឺននាក់។ ប៉ុន្តែឥឡូវនេះ នៅសល់ត្រឹមតែ២ពាន់នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី មេបញ្ជាការកងទ័ពអ៊ុយក្រែនប្រចាំអង្គភាពទ័ពលេខ១៩បានប្រកាសច្រានចោលការអះអាងរបស់រុស្ស៊ីដែលថាជិតវាយយកបានទីក្រុងខាងលើនេះ។ មេបញ្ជាការទាំងនោះអះអាងថាទាហានរបស់ខ្លួនបន្តចាត់ការទប់ទល់នឹងទាហានរុស្ស៊ីជាកងឯកភាពតូចៗដែលព្យាយាមជ្រៀតចូលតំបន់ជ្រាយក្រុង៕

ចែករំលែកព័តមាននេះ