រដ្ឋាភិបាលបានអនុម័ត ការលើកទឹកចិត្តវិនិយោគ ពិសេសសម្រាប់គម្រោងចំនួន ៦ដែលមានតម្លៃប្រហែល៨៣លានដុល្លារ នៅក្នុងបណ្តាខេត្តភាគឦសានរបស់ប្រទេសកម្ពុជា ដោយការវិនិយោគទាំងនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារថ្មី ចំនួន ២.៥៨៧ កន្លែង នៅទូទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិ ។

ការលើកទឹកចិត្តទាំងនេះត្រូវបានអនុម័តក្នុងអំឡុងពេលកិច្ចប្រជុំលើកទី៥ របស់ក្រុមការងារដើម្បីលើកកម្ពស់ការវិនិយោគនៅតំបន់ភាគឦសាន ដែលដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញ កាលពីថ្ងៃសុក្រសប្តាហ៍មុន ។
គម្រោងទាំង៦នេះ រួមមានៈ ២នៅរតនគីរី ២នៅមណ្ឌលគីរី ១នៅស្ទឹងត្រែង និង១នៅក្រចេះ ។ គម្រោងទាំងនោះ រួមមាន ការវិនិយោគលើរោងចក្រម្សៅដំឡូងមី រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ការដាំដុះ និងកែច្នៃកៅស៊ូ គម្រោងទេសចរណ៍អេកូឡូស៊ី និងដំណាំកាហ្វេ ។
ចាប់តាំងពីការដាក់ឱ្យដំណើរការកម្មវិធីជំរុញការវិនិយោគ ពិសេសសម្រាប់ខេត្តភាគឦសានក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមការងារបានទទួលសំណើវិនិយោគចំនួន ៦៦ ដែលមានតម្លៃ ២,៤៨ ពាន់លានដុល្លារ ។ ក្នុងចំណោមនេះ គម្រោងចំនួន ៤៥ ដែលមានទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារ ត្រូវបានអនុម័ត ៕
ចែករំលែកព័តមាននេះ