ទីក្រុងកាប៊ុល៖ កងសន្តិសុខប៉ាគីស្ថានបានបាញ់សម្លាប់ជនប្រដាប់អាវុធ២៩នាក់នៅក្នុងប្រតិបត្តិការសឹកនៅលើដី និងនៅលើអាកាសតាមបណ្ដោយព្រំដែនប្រទេសអាហ្វហ្កានីស្ថាន។ ចំណែកក្រុមតាលីបង់នៅអាហ្វហ្កានីស្ថានអះអាងថាជនស៊ីវិលយ៉ាងតិច៣៨នាក់បានស្លាប់។ នេះជាការវាយប្រហារទៅលើអាហ្វហ្កានីស្ថានជាលើកទី២ដែលប៉ាគីស្ថានអះអាងថាមានគោលដៅវាយប្រហារតែក្រុមជនប្រដាប់អាវុធតែប៉ុណ្ណោះ។ ការវាយប្រហារនេះក៏ជាហានិភ័យនៃការផ្ទុះសង្គ្រាមកាន់តែខ្លាំងរវាងប្រទេសដែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា ប៉ុន្តែបានវាយប្រហាគ្នាយ៉ាងខ្លាំងក្លាបំផុតកាលពីខែកុម្ភៈ។

ប៉ាគីស្ថានវាយប្រហារលើកនេះសំដៅលើគោលដៅបីនៅខេត្តចំនួនបីនៃប្រទេសអាហ្វហ្កានីស្ថាន សម្លាប់ជនប្រដាប់អាវុធ២៥នាក់ បំផ្លាញអាវុធ និងគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោកអាតូឡោះ ថារ៉ា (Attaullah Tara) បង្ហោះសារនៅលើបណ្ដាញអ៊ិច។ យុទ្ធជនបួននាក់ផ្សេងទៀតដែលមានទំនាក់ទំនងជាមួយក្រុមចាម៉ាអាត អ៊ុល អារ៉ា (Jamaat-ul-Ahrar) នៃក្រុមតាលីបងសាខាប្រចាំនៅប្រទេសប៉ាគីស្ថានត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការជើងគោកនៃស្រុកបាជួ (Bajaur)។

ផ្ទុយពីការអះអាងរបស់ប៉ាគីស្ថាន អ្នកនាំពាក្យក្រុមតាលីបង់ លោកហាមឌូឡោះ ហ្វ៊ីត្រាត (Hamdullah Fitrat) ថ្លែងថាអ្នកដែលស្លាប់គឺជនស៊ីល៣៨នាក់ និងរបួស១៦៣នាក់។ មនុស្សទាំងនោះស្លាប់ដោយសារយុទ្ធនាការវាយប្រហារតាមយន្តហោះរបស់ប៉ាគីស្ថានទៅលើផ្ទះមួយកន្លែងនៅខេត្តប៉ាក់ទីយ៉ា (Paktia) ស្លាប់មនុស្ស២៨នាក់ និងរបួស១៥៨នាក់។ អ្នកស្រុករស់នៅម្ដុំនោះប្រញាប់ទៅជួយអ្នករបួស ស្រាប់តែមានការវាយប្រហារជាលើកទី២ទៅលើទីតាំងដដែល។ នេះបើយោងតាមការអះអាងរបស់លោកខាលីត អាមេត សាចាត់ (Khalid Ahmad Sajad) ចៅហ្វាយរងស្រុកសាំកានី (Samkani)៕

ចែករំលែកព័តមាននេះ