ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ល្អម្ល៉េះ ​! ខឹងម្តាយ.​ជេ.រ​​ឲ្យ​តាម​កាមេរ៉ា​សុវត្ថិភាពនៅ​ចំពោះ​មុខសង្សារនិង​មិត្តភក្តិ ​ក៏វា.យ​​កាមេរ៉ា និង​គំរាម​ស.ម្លា.ប់.​ម្តាយ

20 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើការ​ឃាត់ខ្លួន តាម​បណ្តឹង​របស់​ម្តាយបង្កើត ព្រោះតែ​កូនប្រុស​ខ្លាច​ខូច​កិត្តិយស សេចក្តី​ថ្លៃថ្នូរ ព្រោះតែ​ម្ដាយបង្កើត​ជេរ​ស្ដីថា​ ឱ្យខ្លួន​តាម​កាមេរ៉ា​សុវត្ថិភាព គាប់​ជួន​នៅ​ចំពោះ​មុខ​សង្សារ និង​មិត្តភក្តិ​ទៀត​​ផង ​។ យុវជន​ជា​កូន​កើត​ចិត្ត​ខឹង​បាន​វាយ​បំផ្លិចបំផ្លាញ​កាមេ​រ៉ាសុវត្ថិភាព​នឹង​គំរាម កាប់​សម្លាប់​ម្ដាយ​ថែម​ទៀត​ផង ដោយ​ទ្រាំ​និង​ទ​ង្វើ​របស់​កូន​លែង​បាន ម្តាយ​ក៏​ដាច់​ចិត្ត​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឱ្យ​ដឹង​ថា​ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេ​នីយ៍​ទោ ឃឹម សុខ​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ លោក​វរសេនីយ៍ទោ យ័ន្ត សង្ហារ អធិ​ការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ដឹកនាំ​ផ្នែក​យុត្តិធម៌​ក្រុង​ច្បារមន​ ​សហការ​កម្លាំង​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ក្នុងភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាល​ក្រុង​ច្បារមន​បាន​បន្ត​ទៀត​ថា ការ​ឃាត់ខ្លួន​យុវជន​ម្នាក់​ខាងលើ​នេះ យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ផា​ន ចាន់​ថន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។ បាន​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ​សេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ( ត្រូវជា​ប្រុស​កូនបង្កើត ) ដែល​បាន​ធ្វើ​សកម្មភាព​យកដៃ​វាយ​កាមេរ៉ា​សុវត្ថិភាព ដែល​ដាក់​មុខ​ផ្ទះ​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​ចំនួន​១​គ្រឿង និង​ឆាត​តាម​ទូរស័ព្ទ និយាយ​គំរាម​កា.ប់​សម្លាប់​ម្តាយ​ថែម​ទៀត​ផង ​។ ដោយ​ទ្រាំ​នូវ​ទ​ង្វើ​របស់​កូនប្រុស​លែង​បាន ទើប​ស្ត្រី​ជា​ម្តាយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្ដង ។

នគរបាល​ក្រុង​ច្បារមន​បាន​បន្ថែម​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្តាយ​រួច​មក កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​ក្រុង​ច្បារមន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន យុវជន​សង្ស័យ មានឈ្មោះ​សេង ពិសិដ្ឋ យក​មក​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​ជា​កូន​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព យក​ដៃ​វាយ​កាមេរ៉ា​សុវត្ថិភាព និង​ឆាត​តាម​ទូរស័ព្ទ និយាយ​គំរាម​កាប់សម្លាប់​ម្តាយ​ខ្លួនឯង ពិតប្រាកដ​មែន ព្រោះតែ​ម្តាយ​មិន​ទុក​មុខមាត់ កិត្តិយស​ឱ្យ​រូបគេ ព្រោះ​តែ​ម្តាយ​ជេរ​ស្ដីថា​ ឲ្យ​ខ្លួន​តាម​កាមេរ៉ា​សុវត្ថិភាព នៅ​ចំពោះ​មុខ​សង្សារ និង​មិត្តភក្តិ​ទើប​រូបគេ​ទប់​កំហឹង​មិន​បាន​ធ្វើ​បែប​នេះ ។

នគរបាល​ក្រុង​ច្បារមន​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​យុវជន​ជា​កូន រួម​ជាមួយនឹង​វត្ថុ​តាង​ខាងលើ នគរបាល​ក្រុង​ច្បារមន បាន​កសាង សំណុំរឿង បញ្ជូន ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់​ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ​៕