ទីក្រុងការ៉ាកាស់៖ ក្រុមអ្នកជួយសង្គ្រោះនៅក្នុងហេតុការណ៍រញ្ជួយដីនៅប្រទេសវេណេហ្ស៊ូអេឡាបន្តធ្វើការយ៉ាងដុតដៃដុតជើងដើម្បីស្វែងរកអ្នកដែលអាចរស់រានមានជីវិតបន្ទាប់ពីកន្លងផុតទៅជាច្រើនថ្ងៃចាប់តាំងពីមានករណីនេះកម្រិត៧,២ និង៧,៥រ៉ិចទ័រកាលពីយប់ថ្ងៃពុធ។ ចំនួនអ្នកដែលត្រូវគេរកឃើញ យូរៗរកឃើញនៅរស់ម្នាក់ ខណៈដែលសាច់ញាតិរាយការណ៍ថាពួកគេបាត់ខ្លួនដល់រាប់ម៉ឺននាក់ឯណោះ។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់កើនឡើងដល់ជិត១៥០០នាក់។

ក្រុមអ្នកជួយសង្គ្រោះមកពីប្រទេសនានាទូទាំងសាកលលោកបានប្រមូលផ្ដុំគ្នានៅរដ្ឋឡាក្វាអ៊ីរ៉ាដែលជាទីតាំងរងការវាយប្រហារពីគ្រោះរញ្ជួយដីនេះខ្លាំងជាងគេ។ អាគាររាប់សិបកន្លែងបាក់រលំក្លាយជាគំនរបាក់បែកនៅលើតំបន់មាត់សមុទ្រដែលស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីរដ្ឋធានីការ៉ាកាស់។ ប្រធានាធិបតីស្ដីទីវេណេហ្ស៊ូអេឡា លោកស្រីឌែលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) ថ្លែងថាក្រុមការងារនៅតែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះ។ ថ្ងៃនេះ យើងបានរកឃើញមនុស្សនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។ ដូច្នេះ ប្រតិបត្តិការនេះមិនពន្យារពេលទេ។

លោកស្រីថ្លែងបន្តទៀតថាយើងនៅតែមានសង្ឃឹមជានិច្ច។ លោកស្រីថ្លែងដូច្នេះបន្ទាប់ពីប្រកាសបង្កើតគណៈកម្មាធិការត្រួតពិនិត្យសំណង់អគារណាខ្លះដែលអាចបន្តរស់នៅបាន។ លោកស្រីឌែលស៊ីថ្លែងថាសាលារៀននឹងបន្តបិទទ្វាររយៈពេលមួយសប្ដាហ៍ទៀត។ អគ្គិសនីអាចផ្គត់ផ្គង់រដ្ឋឡាក្វាអ៊ីរ៉ាឡើងវិញបាន៧៥%។ រដ្ឋាភិបាលសូមអរគុណក្រុមអ្នកស្ម័គ្រចិត្តស៊ីវិលដែលបានដឹកជញ្ជូនជំនួយទៅរដ្ឋនេះ។ បងប្រុសរបស់លោកស្រីឌែលស៊ី និងជាប្រធានរដ្ឋសភាវេណេហ៊្សូអេឡា ថ្លែងថាគេបានរកឃើញអ្នកស្លាប់២០នាក់ថែមទៀត ដូច្នេះ ចំនួនអ្នកស្លាប់សរុបកើនឡើងដល់១៤៥០នាក់, មនុស្ស៣១៥០នាក់មិនទាន់ជាសះស្បើយពីរបួសនៅឡើយទេ, មនុស្ស១២៧២១នាក់ត្រូវផ្លាស់ប្ដូរទីលំនៅ, អគារ៧៧៤កន្លែងបានបាក់រលំ។

លោកថ្លែងបន្តទៀតថាយើងកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ជាអាយុជីវិតដែលត្រូវតែបន្តជួយសង្គ្រោះមនុស្ស និងសាងសង់ទីជម្រកសម្រាប់អ្នកដែលបាត់បង់ផ្ទះ ឬអ្នកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួននៅពេលនេះ។ ក្រុមគ្រួសារ និងក្រុមអ្នកស្ម័គ្រចិត្តត្រូវចំណាយពេលជាច្រើនថ្ងៃទម្រាំទាញបានសាកសពជនរងគ្រោះចេញពីគំនរបាក់បែក។ ក្រោយមក ទីភ្នាក់ងារជួយសង្គ្រោះបរទេសក៏ចាប់ផ្ដើមធ្វើដំណើរទៅដល់ទីនោះ។ ពួកគេត្អូញត្អែរថាគ្មានគ្រឿងចក្រធុនធ្ងន់សម្រាប់ជីកកកាយឱ្យបានទាន់ពេលវេលា៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ