រស់នៅជាមួយគ្នា ៣ឆ្នាំដូចម៉ែ និងកូន ! ចុងក្រោយម្ចាស់ ហាងសាឡន វា.យដំបង្ខាំងស្ត្រីអនាម័យ រឿងលួចទូរស័ព្ទលក់
- បន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ។ នេះបើយោងតាមផេកមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រកាសនារសៀលថ្ងៃទី២៩ ខែមិថុនានេះ ។

នៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ អ៊ុត ខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្ត កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងនៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ហាងកាកាសាឡន ដែលមានទីតាំងស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានបណ្តឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១០និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោដងឈើ ប្រវែង៣០សង់ទីម៉ែត្រ ចំនួន០១ដើម នៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនរងគ្រោះជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែង ហើយដើរធ្វើអនាម័យតាមផ្ទះ ដើម្បីយកប្រាក់ឈ្នួល ក្រោយកក៏បានសុំជនសង្ស័យខាងលើស្នាក់នៅជាមួយ ដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នារាប់អានគ្នាដូចម្តាយកូន អស់រយៈពេលជាង៣ឆ្នាំមកហើយ ។
ហើយមានថ្ងៃមួយ ជនជាតិចិនដែលជាសង្សាររបស់ជនសង្ស័យខាងលើ បានយកទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើជនសង្ស័យ ។ ពេលនោះជនរងគ្រោះ កំពុងធ្វើការងារអនាម័យ ស្រាប់តែឃើញទូរស័ព្ទចំនួន០៣គ្រឿង ធ្លាក់ចេញមកក្រៅ ហើយខ្លួនក៏បានយកទូរស័ព្ទនោះទៅលក់ឲ្យអ្នកទិញទូរស័ព្ទខូចៗតាមផ្លូវ បានប្រាក់ចំនួន២០០,០០០រៀល(ម្ភៃម៉ឺន)រៀល ស្រាប់តែថៅកែស្រី (ជនសង្ស័យ) បានដឹងថា ជនរងគ្រោះលួចទូរស័ព្ទយកទៅលក់ ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសចេញឈាមជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោ មកគំរាមកាត់ម្រាមដៃជើងរបស់ជនរងគ្រោះ ហើយថែមទាំងគំរាមមិនឱ្យចេញក្រៅផ្ទះទៀតផង ។

ក្រោយមកនៅវេលាម៉ោង០៤ និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះបាមានឱកាស ឡើងលើដំបូលផ្ទះពីខាងក្រោយ រួចដើរមកខាងមុខហាង ហើយសម្រូតខ្លួនចុះតាមចម្រឹងដែក ពេលចុះមកដល់ក្រោមបានជិះម៉ូតូឌុបទៅផ្ទះប្អូនស្រីនៅមណ្ឌល៤ ដើម្បីព្យាបាលរបួស ហើយបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសកម្មភាពប្រើអំពើហិង្សាដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន ។ ដោយសារខឹងនឹងជនរងគ្រោះយកទូរស័ព្ទដែលជនជាតិចិន ជាសង្សារបស់ខ្លួនយកទៅលក់យកលុយ ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ