ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់ និងអាមេរិក បន្ទាប់ពីវាយប្រហារគ្នាមួយប្រាវកាលពីពេលថ្មីៗនេះ ពួកគេចាប់ផ្ដើមស្រុះស្រួលគ្នាវិញហើយ ហើយបានឯកភាពគ្នាថានឹងបិទបញ្ចប់អរិភាពនឹងគ្នានៅឈូងសមុទ្រដើម្បីបើកការចរចាគ្នាជាថ្មីសំដៅបិទបញ្ចប់សង្គ្រាមអ៊ីរ៉ងជាស្ថាពរ។ នេះបើយោងតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលអាមេរិក។ បើដូច្នេះមែន វាជាក្ដីសង្ឃឹមថាកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលសឹងតែបរាជ័យទៅវិញម្ដងៗនោះអាចមានជីវិតរស់នៅជាបន្តទៀត។

មន្ត្រីរូបនោះថ្លែងថាកិច្ចចរចាគ្នាថ្នាក់បច្ចេកទេសនឹងបន្តធ្វើនៅគ្របវិស័យនៃអនុស្សារណៈយោគយល់គ្នា។ ភាគីទាំង២នឹងដកថយមួយជំហានម្នាក់, កប៉ាល់នានាអាចបើកបរឆ្លងកាត់ច្រកហ័រម៉ូសដោយមិនមានបញ្ហាទេសម្រាប់ពេលនេះ។ មន្ត្រីរូបនោះចង់សំដៅលើអនុស្សារណៈ១៤ចំណុចដែលឯកភាពគ្នាកាលពីថ្ងៃទី១៧ ខែមិថុនា។ ក្នុងនោះ មានចំណុចមួយនិយាយអំពីការអនុញ្ញាតឱ្យកប៉ាល់បើកកាត់ច្រកសមុទ្រហ័រម៉ូសដោយសុវត្ថិភាព។

គេហទំព័រអាក់សឺស (Axios) ដែលចុះផ្សាយមុនគេអំពីការបិទបញ្ចប់អរិភាពនឹងគ្នានោះបានដកស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមកផ្សាយថាភាគីទាំង២នឹងចាប់ផ្ដើមចរចាគ្នាឡើងវិញនៅថ្ងៃអង្គារសប្ដាហ៍នេះ។ ការវិលត្រឡប់ទៅរកតុចរចាជាថ្មីនេះកើតមានឡើងបន្ទាប់ពីអ៊ីរ៉ង់ និងអាមេរិកទើបតែវាយប្រហារគ្នាអស់ជាច្រើនថ្ងៃដោយសារអ៊ីរ៉ង់វាយប្រហារកប៉ាល់ដឹកទំនិញនៅច្រកហ័រម៉ូសក្រោមហេតុផលថាកប៉ាល់នោះមិនព្រមស្ដាប់តាមការណែនាំរបស់យោធាអ៊ីរ៉ង់។ អាមេរិកក៏ចាត់វិធានការវាយបកវិញ។ អ៊ីរ៉ង់ និងអាមេរិកចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នករំលោភកិច្ចព្រមព្រៀងនៃបទឈប់បាញ់។

ក្រឡេកទៅមើលស្ថានការណ៍សឹកនៅប្រទេសលីបង់ឯណោះវិញ អ៊ីស្រាអែលថ្លែងថាយោធារបស់ខ្លួនវាយប្រហារក្រុមហេសបូឡា និងបានបំផ្លាញសំណងក្រោមដីរបស់ពួកគេ។ កាលពីថ្ងៃសៅរ៍ អ៊ីស្រាអែលក៏បានបើកការវាយប្រហារទៅលើក្រុមនេះផងដែរ។ អ៊ីរ៉ងចង់ទាញប្រទេសលីបង់ចូលទៅក្នុងកញ្ចប់នៃការចរចាគ្នា។ អ៊ីរ៉ង់ថាការផ្ទុះអាវុធនៅលីបង់ត្រូវតែបិទបញ្ចប់ទាំងស្រុងប្រសិនបើមានកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ