ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ ជំរុញ​ឱ្យ​សហគមន៍​ចំបក់ ពង្រឹង​សេវាកម្ម ពិនិត្យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ បដិសណ្ឋារកិច្ច និង​សុវត្ថិភាព​ដើម្បី​ទទួលភ្ញៀវ​ទេសចរ ក្នុង​រដូវ​កាល​បៃតង

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ បាន​ជំរុញ​ឱ្យ​សហគមន៍​ចំបក់ ពង្រឹង​សេវាកម្ម ពិនិត្យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ បដិសណ្ឋារកិច្ច និង​សុវត្ថិភាព​ដើម្បី​ទទួលភ្ញៀវ​ទេសចរ ក្នុង​រដូវ​កាល​បៃតង (Green Season)​។

ការ​លើក​ឡើង​បែប​នេះ ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី អញ្ជើញ​ចុះ​ពិនិត្យ ជំរុញ​សក្តានុពល វាយតម្លៃ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ធម្មជាតិ តំបន់​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ចំបក់ ស្ថិត​នៅ​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​អមដំណើរ​ដោយ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាល​ភិ​បាល​ខេត្តកំពង់ស្ពឺ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ ចុះ​ត្រួតពិនិត្យ​ផ្ទាល់​នៅ តំបន់​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ចំបក់ ស្ថិត​នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ​ក្នុង​គោលបំណង​សំខាន់​នៃ​ដំណើរ​ចុះ​ពិនិត្យ​នេះ​រួម​មាន​៖ ជំរុញ​សក្តានុពល វាយតម្លៃ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ធម្មជាតិ និង​អេកូ​ទេសចរណ៍​ក្នុង​តំបន់​។ ពង្រឹង​សេវាកម្ម ពិនិត្យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ បដិសណ្ឋារកិច្ច និង​សុវត្ថិភាព​ដើម្បី​ទទួលភ្ញៀវ​ទេសចរ ក្នុង​រដូវ​កាល​បៃតង (Green Season)​គាំទ្រ​សហគមន៍ ជួប​សំណេះសំណាល និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជា​សហគមន៍​ផ្ទាល់ ក្នុង​ការ​ចូលរួម​ថែរក្សា​ព្រៃឈើ និង​បង្កើត​ចំណូល​មូលដ្ឋាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ទឹកធ្លាក់​ចំបក់ នៅ​តែ​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ មិន​អាច​រំលង​បាន​របស់​ខេត្តកំពង់ស្ពឺ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នឹង​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ សម្រស់​ព្រៃ​ព្រឹក្សា និង​ទឹកធ្លាក់​ត្រជាក់​ស្រេ​ប​។

ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ចំបក់ គឺជា​ទឹកជ្រោះ​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​សម្រស់​ទេសភាព​ស្អាត ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​។​ដោយសារ​តែ​មាន​ទេសភាព​ព្រៃ​ព្រឹក្សា នៅ​តាម​ដងផ្លូវ​ពោរពេញ​ដោយ​ព្រៃ​ឬ​ស្សី​ដ៏​ក្រាស់ឃ្មឹក ដែល​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​អ្នកដំណើរ ហើយ​មួយវិញទៀត​លក្ខណៈ​ពិសេស​របស់​ទឹកធ្លាក់​នេះ​គឺ មិន​មានការ​កែ​ច្នៃ​អ្វី​នោះ​ឡើយ ថែម​ទាំង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន ជា​ពិសេស​គឺ​ភ្ញៀវ​ទេសចរ​បរទេស​។ ក្រៅពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់ សហគមន៍​ក៏​មាន​សេវា​ម្ហូបអាហារ និង​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កំសាន្ត​។

សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ចំបក់ មាន​ទីតាំង​ស្ថិត​នៅ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ចម្ងាយ​ប្រមាណ ១១០ គីឡូម៉ែត្រ​ពី រាជធានី​ភ្នំពេញ​។ ទឹកធ្លាក់​ចំបក់​មាន​ព្រំប្រទល់​ជាប់​នឹង​ឧទ្យាន​ជាតិ​គិរី​រម្យ​ផ្ទាល់​តែ​ម្តង​។ នៅ​ពេល​ដែល​ចូល​ដល់​ផ្លូវ​ចូល​ឧទ្យាន​ជាតិ​គិរី​រម្យ​ហើយ ត្រូវធ្វើ​ដំណើរ​បន្ត​ប្រមាណ​១០​គីឡូម៉ែត្រ ទើប​ទៅ​ដល់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ និង​ត្រូវធ្វើ​ដំណើរ​ថ្មើរជើង​ដើរ​កាត់​ភ្នំ​ជាង​មួយ​គីឡូ ដើម្បី​ដល់​ទឹកធ្លាក់ ការ​ធ្វើ​ដំណើរ​កាត់​ព្រៃ​ដែល​មាន​តែ​សំឡេង​សត្វ​យំ​ឆ្លង​ឆ្លើយ​គ្នា លាយឡំ​ដោយ​ក្លិន​បុប្ផា​ធម្មជាតិ​ពិតជា​ធ្វើ​ឲ្យ​អារម្មណ៍​អ្នកទេសចរ​ស្រស់​ប្លែក​ពី​ការ​កម្សាន្ត​នានា​៕