ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃធ្វើផ្លូវនៅកស្រុកព្រៃឈរ មានក្រុមហ៊ុនមួយចង់ស៊ីដាច់តែឯង

1 អាទិត្យ មុន
  • កំពង់ចាម

​ខេត្ត​​កំពង់ចាម​ ៖ គម្រោង​ផ្លូវ​បេតុង​ពីរ​ខ្សែ​និង​ផ្លូវ​ក្រាល​កម្ទេច​ថ្ម​មួយ​ខ្សែ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៥០០​លាន​រៀល ត្រូវ​បាន​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​នៅ​សាលាឃុំ​តុង​រ៉ុ​ង ស្រុក​ព្រៃឈរ​។​ក្នុង​ពេល​ដំណើរការ​ដេញថ្លៃ​ជិត​ដល់ទី​បញ្ចប់​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ​ធី បាន​ទៅ​ចាប់​ទាញ​គេ​មិន​ឱ្យ​ដាក់​បិទ​ក្នុង​ប្រអប់​សំបុត្រ​សកម្មភាព​នេះ​បាន​ធ្វើ​ខុស​ហើយ​អាជ្ញាធរ​ព្រមាន​ដាក់​ក្នុង​​បញ្ជីខ្មៅ​ក្រសួងមហាផ្ទៃ​ គឺចង់ស៊ីដាច់តែឯង…។

លោក​លី ម៉េ​ង​ហ៊ុន មេឃុំ​តុង​រ៉ុ​ង​មាន​ប្រសាសន៍​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ២៨​មិថុនា ឆ្នាំ​២០២៦​ថា​ ១-ផ្លូវ​ក្រាល​កម្ទេច​ថ្ម​ប្រវែង​១៤២៦​ម៉ែត្រ​ទទឹង​៤ ម៉ែត្រ​តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​១០១ លាន​រៀល មាន​ក្រុមហ៊ុន​ចំនួន​៤ បាន​ចូលរួម​ប្រកួតប្រជែង​ដោយ​ដេញ​បាន​ទាប​ជាងគេ​លើ​ក្រុមហ៊ុន​ហង្ស កួយ​ហេង ​ក្នុង​តម្លៃ​ជាង​៧៩​លាន​រៀល ស្ថិត​នៅ​ភូមិ​ប្រាសាទ​ផ្លូវ​នៅ​ក្បែរ​បឹង​។

២-ផ្លូវ​បេតុង​ប្រវែង​២៨៣​ម៉ែត្រ ទទឹង​៤ ម៉ែត្រ តម្លៃ​ដាក់​ដេញថ្លៃ​ជាង​១៦៨​លាន​រៀល មាន​៤​ក្រុមហ៊ុន​ចូលរួម​ដោយ​ដេញថ្លៃ បាន​លើក​ក្រុមហ៊ុន​ហង្ស កួយ​ហេង ដដែល​តម្លៃ​ជាង​៩១​លាន​រៀល មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តុង​រ៉ុ​ង ។

៣-​ប្រវែង​៥៩៦ ម៉ែត្រ​នៅ​ឃុំ​ថ្ម​ពូន​តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​២៦២​លាន​រៀល​មាន​៦​ក្រុមហ៊ុន​ចូលរួម​ដោយ​ដេញ​បាន​លើ​ក្រុមហ៊ុន​ជា មក​រា តម្លៃ​ជាង​១៣៩ លាន​រៀល​។

លោក​មេឃុំ​តុង​រ៉ុ​ង​មាន​ប្រសាសន៍​បន្ត​ថា​នៅ​ក្នុង​ឃុំ​តុង​រ៉ុ​ង មាន​ចំនួន​១០​ភូមិ​ត្រូវ​បាន​អាជ្ញាធរ​ដែនដី​បាន​អភិវឌ្ឍន៍​ផ្លូវ​ដី​ទៅ​ផ្លូវ​បេតុង​មាន​គ្រប់​ភូមិ​ដោយ​ក្នុង​នោះ​មាន​ភូមិ​ខ្លះ​បាន​វែង​ភូមិ​ខ្លះ​បាន​ខ្លី​តប​តាម​ការ​ស្នើ​សុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ លោក​ថា​ចំពោះ​ដំណើរការ​ដេញថ្លៃ​គម្រោង​ផ្លូវ​ទាំង​បី​ខ្សែ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាលាឃុំ​តុង​រ៉ុ​ង​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ​មិថុនា កន្លង​ទៅ​ក្នុង​រយៈពេល​១០​នាទី​ជិត​ដល់​នាទី​បញ្ចប់​ ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ​ធី​ បាន​ទៅ​ចាប់​ទាញ​ដៃ​ក្រុមហ៊ុន​មួយ​មិន​ឱ្យ​ដាក់​បិទ​​ក្នុង​ប្រអប់​សំបុត្រ ដែល​នេះ​ជា​កំហុស​មួយ ជាមួយ​នោះ​អាជ្ញាធរ​បាន​ធ្វើការ​ព្រមាន​មិន​ឱ្យ​មាន​សកម្មភាព​បែប​នេះ​បន្ត​ទៀត​នៅ​ថ្ងៃក្រោយ​បើ​ពុំនោះ​ទេ​ទេ​នឹង​ត្រូវ​ដាក់​ក្រុមហ៊ុន​ចូល​ក្នុង​បញ្ជីខ្មៅ​ក្រសួងមហាផ្ទៃ​។

សូម​បញ្ជាក់​ថា​ចំពោះ​សកម្មភាព​ដេញ​គម្រោង​ផ្លូវ​បេតុង​២​ខ្សែ​ទៀត​នៅ​សាលាឃុំ​ព្រៃឈរ​ស្រុក​ព្រៃឈរ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ជាមួយ​គ្នា (២៦​មិថុនា​)​ឃើញ​ថា​ដំណើរការ​ដេញថ្លៃ​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ​ព្រមទាំង​បញ្ចុះ​ច្រើន​ថែម​ទៀត​។​

ជាមួយ​នោះ​អាជ្ញាធរ​ស្រុក​ក៏​បាន​ធ្វើការ​ព្រមាន​ដល់​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​មក​ចូលរួម​ដេញថ្លៃ​ដោយ​បំពេញបែបបទ​ខុស​បច្ចេកទេស ប្រសិនបើ​មាន​ដេញ​លើក​ក្រោយ​បន្ត​ទៀត​អាច​នឹង​ដាក់​ក្រុមហ៊ុន​ទាំង​ពីរ​នោះ​ក្នុង​បញ្ជីខ្មៅ​ក្រសួងមហាផ្ទៃ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​