រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌដង្កោ បានធ្វើការរារាំងមិនឱ្យរថយន្តដឹកដីរបស់ក្រុមហ៊ុនប៊ុនហួរ បើកឆ្លងកាត់លើផ្លូវក្នុងភូមិដែលកំពុងធ្វើការស្ថាបនា ។ ប្រជាពលរដ្ឋបាននាំគ្នាចេញមុខការពារផ្លូវនោះ ដោយយកដើមត្នោត និងឈើផ្សេងៗដាក់កាត់ទទឹងផ្លូវបិទមិនឱ្យរថយន្តបើកឆ្លងកាត់បានឡើយ ។
សកម្មភាពជាប្រតិកម្មខាងលើនេះ បានធ្វើឱ្យមានវិវាទកើតឡើង រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកដីប៊ុន ហួរ ហើយអាជ្ញាធរសង្កាត់ចោមចៅដឹកនាំដោយលោកចៅសង្កាត់សុទ្ធ សាធ បានចុះទៅធ្វើការសម្របសម្រួល និងដោះស្រាយភ្លាមៗកាលពីវេលាល្ងាចថ្ងៃទី៥ សីហា ២០១១ ដោយអាជ្ញាធរបានផ្អាកសកម្មភាពក្រុមហ៊ុននោះជាបណ្តោះអាសន្ន១ថ្ងៃបន្ទាប់មកទើបឱ្យដំណើរការបើកវាងតាមផ្លូវផ្សេងវិញ។
ប្រជាពលរដ្ឋនិយាយថា ពួកគាត់រួមជាមួយអាជ្ញាធរសង្កាត់បានសហការគ្នាធ្វើផ្លូវបេតុង១ខ្សែ មានប្រវែងជាង១ពាន់ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ មកភូមិព្រៃ សណ្តែក ដែលពេលនេះកំពុងស្ថាបនាបានជាង៦០ភាគរយហើយ។ ដោយខ្លាចមានការខូចខាតផ្លូវដោយសារតែរថយន្តដឹកដីធុនធ្ងន់បើកកំហុក ទើបពួកគាត់ធ្វើការរារាំងមិនឱ្យបើកបរកាត់ និងចង់រកដំណោះស្រាយជាមួយក្រុមហ៊ុន ព្រមទាំងចង់ឱ្យអាជ្ញាធរផ្អាកសកម្មភាពទឹកដីនោះសិន។
អាជ្ញាធរបានហៅប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុននោះជួបធ្វើការដោះស្រាយគ្នា ហើយខណៈនោះក្រុមហ៊ុនដឹកដីខាងលើបានសន្យាថា និងជួយធ្វើផ្លូវចាក់បេតុង១ខ្សែជូនប្រជាពលរដ្ឋនិងបញ្ឈប់ការបើកបរកាត់ភូមិតទៅទៀត ដោយពួកគេបើកតាមផ្លូវវាងវិញ ៕
ចែករំលែកព័តមាននេះ