រាជធានីភ្នំពេញ ៖ បុរសពីរនាក់ត្រូវកម្លាំងសមត្ថកិច្ចគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ឃាត់ខ្លួនខណៈពេលដែលពួកគេស្រវឹងស្រាជេរប្រមាថបញ្ចេញឫកពា និងកាយវិការច្រងេងច្រងាងដាក់កងកម្លាំងដែលកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវ ។ ក្រៅពីនេះនៅមានម៉ូតូអត់ស្លាកលេខ អត់កញ្ចក់ និងអ្នកបើកបរអត់ពាក់មួកសុវត្ថិភាពជាច្រើនគ្រឿងទៀតក៏ត្រូវសមត្ថកិច្ចឃាត់ទុកផងដែរ។
សកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើធ្វើឡើងក្នុងទ្រង់ទ្រាយធំកាលពីវេលាល្ងាចថ្ងៃទី៥ សីហា ២០១១ នៅលើកំណាត់ផ្លូវចោមចៅ ត្រង់ចំណុចមុខរោងចក្រស្រាបៀរក្រោន ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ។ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ រួមមានប៉ូលិស ប៉េអឹម មន្ត្រីសាលាខណ្ឌ និងសង្កាត់ដឹកនាំដោយលោកអភិបាលខណ្ឌគិត សុផា និងលោកអធិការអ៊ាង សំអាត ។ ចំណុចខាងលើជាតំបន់ស្មុគស្មាញ ហើយការដាក់គោលដៅត្រួតពិនិត្យនេះគឺដើម្បីស្វែងរកអាវុធជាតិផ្ទុះ និងបទ ល្មើសផ្សេងៗ។
សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងយុទ្ធនាការខាងលើពុំមានអាវុធឆ្លងកាត់នោះទេ ប៉ុន្តែឃាត់ខ្លួនមនុស្សពីរនាក់ដែលស្រវឹងជោកជាំរហូតលែងដឹងខុសត្រូវ ជេរប្រមាថ ចង់វាយដំកងកម្លាំងពេលកំពុងបំពេញការងារនាំយកទៅធ្វើការអប់រំ ។ ក្រៅពីនេះឃើញថា នៅមានប្រជាពលរដ្ឋភាគច្រើនមិនគោរពច្បាប់ចរាចរណ៍ដោយពួកគាត់ប្រើប្រាស់ម៉ូតូ អត់ស្លាកលេខ អត់មួកសុវត្ថិភាព និងអត់កញ្ចក់ ហើយត្រូវកងកម្លាំងឃាត់ទុកបានចំនួន៤៧គ្រឿង ផាកពិន័យ និងណែនាំឱ្យពួកគាត់ចេះគោរពច្បាប់ឡើងវិញ ៕
ចែករំលែកព័តមាននេះ