ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺបន្ត​ផ្សព្វផ្សាយ​យុទ្ធនាការនិយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ

3 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ដើម្បី​រួមចំណែក​ទប់ស្កាត់​ព័ត៌មាន ​(​ក្លែងក្លាយ​) ព័ត៌មាន​មិន​ពិត ​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម នៅ​ពេល​បច្ចុប្បន្នសម័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ព័ត៌មាន​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស​តាម​បណ្តាញ​សង្គម​នានា​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ លោកស្រី ម៉ែ​ន ស៊ីនួន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វ ផ្សាយ​យុទ្ធនាការ និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ជំហាន​ទី​២ នៅ​វិទ្យាល័យ ហ៊ុន សែន ចំបក់ ដោយ​មានការ​ចូលរួម​ពី​កងកម្លាំង​ទាំង​៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​អ្នក​ពាក់ព័ន្ធ សរុប​ប្រមាណ១,៣០០​នាក់​ ។

ក្នុង​ឱកាស​ផ្សព្វផ្សាយ​យុទ្ធនាការ​នេះ ​លោក មុត ភ​ន អភិបាលស្រុក​សំរោង​ទង បាន​លើក​ឡើង​ថា ក្នុង​សម័យ​បច្ចេកវិទ្យា​ឌី​ជី​
ថ​ល ព័ត៌មាន​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស​តាម​បណ្តាញ​សង្គម ដូច្នេះ​ប្រជាពលរដ្ឋ ជា​ពិសេស ​យុវជន និង​សិស្សា នុសិស្ស ត្រូវ​មានការ​យល់​ដឹង​ក្នុង​ការ​ត្រួតពិនិត្យ​ប្រភព​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​ជឿ ឬ​ចែករំលែក​បន្ត ដើម្បី​រួម ចំណែក​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម ​។

ទន្ទឹម​នឹង​ការ​លើក​ឡើង​នេះ​ ការ​ប្រើប្រាស់​ព័ត៌មាន​ប្រកបដោយ​ការ​ទទួលខុសត្រូវ គឺជា​កត្តា​សំខាន់​ក្នុង​ការ​កសាង​សង្គម​ដែល​មានការ​យល់​ដឹង និង​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយ​សុវត្ថិភាព​ ។ សិស្សានុសិស្ស​គួរតែ​ចេះ​ជ្រើសរើស​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់លាស់ និង​មិន​ចែករំលែក​ព័ត៌មាន​ដែល​មិន​ទាន់​បាន​ផ្ទៀងផ្ទាត់​ ។

លោកស្រី ម៉ែ​ន ស៊ីនួន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ មាន​ប្រសាសន៍​ថា យុទ្ធនាការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន អំពី​ផល​ប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​ជំរុញ​ការ​ចូលរួម​របស់​គ្រប់​ភាគី​ក្នុង​ការ​ប្រឆាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ផ្តោត​លើ​ការ​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ផ្ទៀងផ្ទាត់​ប្រភព​ព័ត៌ មាន​មុន​ចែករំលែក បង្កើន​សមត្ថភាព​ក្នុង​ការ​សម្គាល់​ព័ត៌មាន​ក្លែងក្លាយ និង​ជា​ពិសេស​ លើកទឹកចិត្ត​ឱ្យ​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​ជា​ខែល​យ៉ាង​សំខាន់​ទប់ស្កាត់​ការ​រីក​រាលដាល​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម​។

លោកស្រី ម៉ែ​ន ស៊ីនួន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា យុទ្ធនាការ​ដ៏​មាន​សារសំខាន់​នេះ ក៏​ជា​ឱកាស​សម្រាប់​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស អំពី​វិធី​កំណត់​អត្តសញ្ញាណ​ព័ត៌មាន​ក្លែងក្លាយ ការ​ពិនិត្យ​ប្រភព​ព័ត៌មាន និង​ការ​ចូលរួម​បង្កើត​បរិយាកាស​ព័ត៌មាន​ដែល​មាន​ភាព​ជឿជាក់​ក្នុង​សង្គម​ផង​ដែរ​ ។

លើស​ពី​នេះ​ សិស្សានុសិស្ស​ដែល​បាន​ឆ្លើយ​សំណួរ​ត្រឹមត្រូវ នឹង​ទទួល​បាន​កាដូ​អនុស្សាវរីយ៍ លើកទឹកចិត្ត​ពាក់ព័ន្ធ​នឹង​ការ​យល់​ដឹង​អំពី​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​វាស់​ស្ទង់​ការ​យល់​ដឹង​របស់​សិស្សានុសិស្ស​ឱ្យ​បន្ត​សិក្សា​ស្វែង​យល់អភិវឌ្ឍ​ជំនាញ​គិត ពិចារណា និង​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>