ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទិញ​បន្លែ​២​ពាន់​រៀល ច្រឡំ​បាញ់​២​ពាន់​ដុល្លារ​នៅ​ផ្សារ​ច្បារ​អំពៅ លោកស្នងការ​អន្តរាគមន៍​ភ្លាម​ៗ​រក​ឃើញ​ជន​ដែល​មាន​ចេតនា​ទុច្ចរិត

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​នេះ មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បង្ហោះ​វី​ដេ​អូ​តាម​បណ្ដាញ​សង្គម ដោយ​ថ្លែង​ទទូច​ស្វែងរក​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច ក្រោយ​បងស្រី​របស់​គាត់ ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ច្បារ​អំពៅ ទិញ​អស់​តម្លៃ​២,០០០​រៀល ហើយ​ច្រឡំ​បាញ់​លុយ​ទៅ​អ្នកលក់​ចំនួន​២,០០០​ដុល្លារ ។ ករណី​បាញ់​លុយ​ច្រឡំ​នេះ បាន​កើតឡើង​កាលពី​ចុងខែ​ឧសភា ហើយ​ជន​រង​គ្រោះ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ បុរស​ចិន​រូប​នោះ សង្ឃឹម​និង​ស្នើ​សុំ​ឲ្យ​អ្នកលក់​បន្លែ​គួរ​បាញ់​លុយ​ត្រឡប់​មក​គាត់​វិញ បើ​នៅ​តែ​ទុក​លុយ​ទៀត​យើង​អាច​ក្លាយជា​ជនល្មើស ក្នុង​អំពើ​រំលោភសេចក្តីទុកចិត្ត ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាត់​បញ្ជូន​ករណី​នេះ​ទៅ​លោកស្នងការ​រង ទទួល​ផែន​ការងារ​សន្តិសុខ និង​ជំនាញ​បច្ចេកវិទ្យា ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បាន​ឲ្យ​ដឹង​ថា លោក​សូម​អរគុណ​ដល់​លោកស្នងការ​រង ផែន​ការងារ​សន្តិសុខ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ការងារ​សន្តិសុខ ធ្វើការ​ស្រាវជ្រាវ​បាន​លឿន​រហ័ស រក​ឃើញ​ថា ជន​ដែល​មាន​ចេតនា​ទុច្ចរិត គឺ​ឈ្មោះ អ៊ុ​ក រ៉េ​ន ជា​កូនចៅ​ម្ចាស់​លក់​បន្លែ​នៅ​ផ្សារ​ច្បារ​អំពៅ (​ដែល​បន្លំ​យក ABA របស់​កូនស្រី​ឈ្មោះ អ៊ុ​ក ផា​នី ហុច​ឱ្យ​ស្ត្រីជន​រង​គ្រោះ​ជនជាតិ​ចិន បាញ់​លុយ​ថ្លៃ​បន្លែ ដែល​ច្រឡំ​២,០០០​រៀល ទៅ​ជា​២,០០០​ដុល្លារ​អា​មេ​រិ​ក​) ។

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​បន្ត​ថា ករណី​ខាងលើ​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​២៨ ខែឧសភា ឆ្នាំ​២០២៦ មក​ម្ល៉េះ ប៉ុន្តែ​លោក​ទើបតែ​ទទួល​បាន​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មី​ថុ​នា​នេះ​ទេ ។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ក៏​បាន​បញ្ជាក់​ថា ពេល​នេះ ឈ្មោះ អ៊ុ​ក ផា​នី បាន​បាញ់​លុយ​ទៅ​ជន​រង​គ្រោះ​វិញ​បាន​តែ​១,៩០០​ដុល្លារ ដោយសារ​រូ​ព​គេ​បាន​ដក​ចាយ​អស់​១០០​ដុល្លារ​បាត់​ហើយ ។

លោកស្នងការ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​ជាមួយ​សមត្ថកិច្ច ដើម្បី​ថែរក្សា​សេចក្ដី​ថ្លៃថ្នូរ ភាព​ស្មោះត្រង់ និង​ថែរក្សា​ការពារ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង​អ្នក​វិនិយោគ​គ្រប់​មុខរបរ នៅ​ក្នុង​ប្រទេស​កម្ពុជា ៕