ក្រុមហ៊ុនមួយជំរុញការកែច្នៃដើមប្រេងខ្យល់ នាំចេញទៅក្រៅប្រទេស និងបង្កើតការងារជិត ១ពាន់កន្លែង
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ក្រុមហ៊ុនធំមួយកំពុងជំរុញខ្សែសង្វាក់ផលិតកម្មកែច្នៃដើមប្រេងខ្យល់ទៅជាក្តារបន្ទះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែលសកម្មភាពនេះមិនត្រឹមតែបង្ហាញពីការរីកចម្រើននៃផ្នែកឧស្សាហកម្មកែច្នៃរបស់កម្ពុជានោះទេ ប៉ុន្តែថែមទាំងបានបង្កើតការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ពលរដ្ឋក្នុងតំបន់។
នៅក្នុងដំណើរការសង្វាក់ផលិតកម្មនេះ លោក សាន សុខហៀង តំណាងក្រុមហ៊ុន ហូលី ភ្លែនថេសិន (Holly Plantation) បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកផ្ទាល់ចំនួន ២០០នាក់ និងអ្នកម៉ៅការបន្តចំនួន ៧០០នាក់ កំពុងបំពេញការងារយ៉ាង
សកម្ម។ ក្រៅពីការចូលបម្រើការងារជាកម្មករ រោងចក្រក៏បើកឱកាសឱ្យប្រជាពលរដ្ឋដែលមានដីទំនេរ អាចដាំដើមប្រេងខ្យល់យកមកលក់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនវិញផងដែរ។ តាមការប៉ាន់ស្មាន ដីដាំដើមប្រេងខ្យល់ ១ហិកតា អាចប្រមូលផលបានជាង ១០០តោន ដោយក្នុង ១តោន មានតម្លៃចាប់ពី ៤៥ ដល់ ៧០ដុល្លារ។
ជុំវិញការវិនិយោគនេះ លោក សួង ហ៊ី អភិបាលស្រុកសៀមបូក បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ដោយសារក្រុមហ៊ុនបានបំពេញកាតព្វកិច្ចស្របច្បាប់ជាមួយរាជរដ្ឋាភិបាល និងជួយលើកកម្ពស់ជីវភាពពលរដ្ឋយ៉ាងពិតប្រាកដ។ លោកនឹងចាត់ចែងឱ្យអាជ្ញាធរភូមិ-ឃុំ ជួយផ្សព្វផ្សាយបន្ថែមដល់ពលរដ្ឋអំពីឱកាសមួយនេះ។
ក្រុមហ៊ុនខាលើទទួលបានសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចសរុប៖ ជាង ៣ម៉ឺនហិកតា (ក្នុងនោះជាង ៤ពាន់ហិកតាក្នុងឃុំសៀមបូក ខេត្តស្ទឹងត្រែង)។ផ្ទៃដីដាំដុះរួច (តាំងពីឆ្នាំ២០១៩)៖ ១៣,៨០០ ហិកតា (កំពុងប្រមូលផល ២,៧២៣ ហិកតា)។ផែនការដាំដុះថ្មី (ឆ្នាំ២០២៦)៖ ប្រមាណ ២,០០០ ហិកតា បន្ថែមទៀត (ស្មើនឹង ២លានកូនឈើ)។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនក៏បានជួបប្រទះបញ្ហាប្រឈមខ្លះៗដែរ ដោយកាលពីឆ្នាំ២០២១ មានកូនឈើលើផ្ទៃដី ៥០០ហិកតា ត្រូវបានជនមិនស្គាល់មុខលួចដុតបំផ្លាញ។ ករណីនេះ ក្រុមហ៊ុនបានស្នើសុំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយបែងចែកព្រំប្រទល់ដីអភិវឌ្ឍន៍ និងដីពាក់ព័ន្ធរបស់ ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងទំនាស់ និងងាយស្រួលក្នុងការគ្រប់គ្រងបន្តទៅមុខទៀត៕








ចែករំលែកព័តមាននេះ