រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ សីហា កម្មករ-កម្មការិនីប្រមាណជាង១៥០នាក់ មកពីសហព័ន្ធសហជីពចំនួន៦ បានធ្វើការជួបជុំគ្នាលើទីលានប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីសុំឱ្យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជួយបញ្ចុះតម្លៃម្ហូបអាហារ ទំនិញគ្រប់ប្រភេទ ជាពិសេសតម្លៃប្រេងសាំង។
យោងតាមសេចក្តីថ្លែងការណ៍របស់សមាជិកក្រុមប្រឹក្សាភិបាលនៃសហភាពជាតិកម្ពុជាការពារកម្មករបានលើកឡើងថា កម្មករ កម្មការិនី អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី តាក់ស៊ី គ្រូ បង្រៀន សិស្ស-និស្សិត អាជីវករ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងជួបប្រទះនូវការលំបាកយ៉ាងខ្លាំង ដោយសារការឡើងថ្លៃជាប្រព័ន្ធ និងតាមការគ្រោងទុករបស់តម្លៃប្រេងសាំង ដែលកើនឡើងធ្វើឱ្យជះឥទ្ធិពលដល់តម្លៃទំនិញគ្រប់ប្រភេទឡើងថ្លៃយ៉ាងគំហុក និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគួរឱ្យព្រួយបារម្ភ។
កាលពីឆ្នាំ២០០៨ ក៏ធ្លាប់មានការឡើងតម្លៃប្រេងសាំង តម្លៃម្ហូបអាហារ និងតម្លៃទំនិញយ៉ាងគំហុកដូច្នេះដែរ តែពេលនោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើអន្តរាគមន៍ ក្រោយមកគេឃើញថា មានការបញ្ចុះតម្លៃប្រេងសាំងដ៏សមរម្យមួយ ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងលទ្ធភាពរបស់រាជរដ្ឋាភិបាលយ៉ាងដូច្នេះ ទើបសមាជិកក្រុមប្រឹក្សាជាតិនៃសហភាពជាតិកម្ពុជាការពារកម្មករចំនួន៦តំណាងឱ្យកម្មករ កម្មការិនី អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់តាក់ស៊ី គ្រូបង្រៀន សិស្ស-និស្សិត អាជីវករ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោមេត្តាជួយធ្វើអន្តរាគមន៍ឱ្យបានឆាប់បំផុតក្នុងការបញ្ចុះតម្លៃប្រេងសាំង តម្លៃទំនិញគ្រប់មុខ៕
ចែករំលែកព័តមាននេះ