ទីក្រុងតូក្យូ ៖ ប្រទេសជប៉ុនបានដំឡើងថ្លៃទិដ្ឋាការ (Visa) រហូតដល់៥ដងធៀបនឹងតម្លៃបច្ចុប្បន្ន សម្រាប់ជនបរទេសទាំងអស់ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះតទៅ ហើយនេះក៏ជាការកែប្រែតម្លៃទិដ្ឋាការជាលើកដំបូងបំផុតនៅក្នុងរយៈពេលជិត ៥០ ឆ្នាំ ពោលគិតចាប់តាំងពីឆ្នាំ ១៩៧៨។ នេះបើតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ តម្លៃទិដ្ឋាការចូលតែម្តង (Single-entry) នឹងត្រូវដំឡើងពី ៣ ០០០ យ៉េន ឬប្រហែល ១៨,៦៩ ដុល្លារអាមេរិក នាពេលបច្ចុប្បន្ន ទៅដល់ ១៥ ០០០ យ៉េន ឬប្រហែល ៩៣ ដុល្លារ ខណៈទិដ្ឋាការចូលបានច្រើនដង (Multi-entry) នឹងដំឡើងដល់ ៣០ ០០០ យ៉េន ឬ ១៨៥ ដុល្លារពីតម្លៃបច្ចុប្បន្នត្រឹម ៦ ០០០ យ៉េន ឬ ៣៧ ដុល្លារ។
តាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើង ដើម្បីឆ្លើយតបនឹងអតិផរណា និងការប្រែប្រួលខ្លាំងនៃអត្រាប្តូរប្រាក់ ដោយសារតែប្រាក់យ៉េនជប៉ុនបានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០២១ មក ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្បែរកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រក្នុងរយៈពេល៤០ឆ្នាំ។
ម្យ៉ាងវិញទៀត ក៏តម្រូវឱ្យស្របនឹងស្តង់ដារ នៃបណ្តាប្រទេសសេដ្ឋកិច្ច និងឧស្សាហកម្មឈានមុខគេទាំង ៧ លើពភពលោក (G7)។ ឧទាហរណ៍ នៅសហរដ្ឋអាមេរិកថ្លៃពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍មានចន្លោះចាប់ពី ១៨៥ ដុល្លារ ដល់ ៣១៥ ដុល្លារ។ សម្រាប់អ្នកទៅចក្រភពអង់គ្លេស ទិដ្ឋាការស្នាក់នៅរយៈពេលខ្លីស្តង់ដារដែលមានរយៈពេលស្នាក់នៅអតិបរមា៦ខែ មានតម្លៃ ១៣៥ ផោន ឬ ១៧៩ ដុល្លារ ឯណោះ។
ក្រៅពីនោះ ក៏ជួយសម្រាលបន្ទុកចំណាយរដ្ឋបាល និងការគ្រប់គ្រងប្រព័ន្ធអន្តោប្រវេសន៍ផងដែរ ដោយសារតែបច្ចុប្បន្នមានកំណើនភ្ញៀវទេសចរ និងជនបរទេសមករស់នៅជប៉ុនច្រើនហួស។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរជប៉ុនរំពឹងថា ការដំឡើងថ្លៃនេះ នឹងមិនមានផលប៉ះពាល់ភ្លាមៗទៅដល់លំហូរភ្ញៀវទេសចរអន្តរជាតិដែលចង់មកកម្សាន្តនៅក្នុងប្រទេសជប៉ុននោះទេ៕


ចែករំលែកព័តមាននេះ