ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​សម្រាល​ទណ្ឌកម្ម​ប្រេង ប៉ុន្តែ​អ៊ី​រ៉​ង់​ច្រានចោល​រឿង​អធិការកិច្ច​នុយក្លេអ៊ែរ

1 ថ្ងៃ មុន

អន្តរជាតិ ៖ សហរដ្ឋអាមេរិក​បាន​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រេង​លើ​ប្រទេស​អ៊ី​រ៉​ង់​ជា​បណ្តោះអាសន្ន ខណៈ​ដែល​អ៊ី​រ៉​ង់​ឯណោះ​វិញ បាន​បដិសេធ​ការ​អះអាង​របស់​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក JD Vance ដែល​ថា ខ្លួន​យល់ព្រម​ឱ្យ​ក្រុម​អធិការកិច្ច​នុយក្លេអ៊ែរ​ត្រឡប់​ចូល​ប្រទេស​វិញ​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦​។

ក្រសួង​រតនា​ភិ​បាល​អា​មេ​រិ​កបាន​ចេញ​អាជ្ញាប័ណ្ណ​ទូទៅ​រយៈពេល​៦០​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៦ អនុញ្ញាត​ឱ្យ​អ៊ី​រ៉​ង់​ផលិត ដឹក​ជញ្ជូន និង​លក់​ប្រេង​ឆៅ ព្រមទាំង​ផលិតផល​គីមី​ឥន្ធនៈ​បាន​ឡើង​វិញ​។ ការ​លើកលែង​នេះ អនុញ្ញាត​ឱ្យ​ធនាគារ​អ៊ី​រ៉​ង់​អាច​ធ្វើការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​កដោយ​ផ្ទាល់ ដែល​ជា​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​។

រដ្ឋមន្ត្រីក្រសួង​រតនា​ភិ​បាល​អា​មេ​រិ​ក លោក Scott Bessent បាន​បញ្ជាក់​ថា ការ​សម្រេចចិត្ត​នេះ ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​អ៊ី​រ៉​ង់​ក្នុង​ការ​រក្សា​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ឱ្យ​បើកចំហ សម្រាប់​កប៉ាល់​ពាណិជ្ជកម្ម និង​ការ​អនុញ្ញាត​ឱ្យ​អធិការកិច្ច​នុយក្លេអ៊ែរ នៃ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការសហប្រជាជាតិ (UN) ត្រឡប់​ចូល​ប្រទេស​វិញ​។

បន្ទាប់​ពី​ការ​ចរចា​បញ្ចប់សង្គ្រាម​រវាង​សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់​ជុំ​ទី​១ នៅ​ប្រទេស​ស្វី​ស បាន​បញ្ចប់ លោក JD Vance បាន​ថ្លែង​នៅ​ក្នុង​ការ​ថ្លែងការណ៍​មួយ​កាលពី​ព្រឹក​ថក​ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ ថា អ៊ី​រ៉​ង់​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​ក្រុម​អធិការកិច្ច​នុយក្លេអ៊ែរ​ត្រឡប់​ចូល​ប្រទេស​វិញ ដែល​លោក​ចាត់ទុកជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​។ លុះ​នៅ​ពេល​ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​សួរ​ដេញដោល​ថា តើ​ពេល​ណា​ទើប​ក្រុម​អធិការកិច្ច​អាវុធ​នុយក្លេអ៊ែរ​នឹង​ត្រឡប់​ទៅ​ប្រទេស​អ៊ី​រ៉​ង់​វិញ​។ លោក​បាន​ឆ្លើយ​ថា លោក​រំពឹង​ថា​ដំណើរការ​នេះ នឹង​ចាប់ផ្តើម​យ៉ាង​ហោច​ណាស់​ក្នុង​ស​ប្តា​ហ៍​នេះ ប៉ុន្តែ​ការ​ពិភាក្សា​ជាមួយ​ក្រុម​អធិការកិច្ច​អាច​នឹង​កើតឡើង​យ៉ាង​ឆាប់​បំផុត​នៅ​ថ្ងៃនេះ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ក៏​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ដែរ​ថា ប្រទេស​អ៊ី​រ៉​ង់​នឹង​យល់ព្រម​ឱ្យ​មានការ​ត្រួតពិនិត្យ​អាវុធ​ធំ​ៗ​របស់​ខ្លួន​។

ផ្ទុយ​ទៅ​វិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ី​រ៉​ង់ លោក Esmaeil Baqaei បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​អ៊ី​រ៉​ង់ IRNA ដោយ​បាន​បញ្ជាក់​ថា អ៊ី​រ៉​ង់​ពុំ​មានការ​ប្តេជ្ញា​ចិត្ត​ថ្មី​ណាមួយ​ជាមួយ​ក្រុម​អធិការកិច្ច​នុយក្លេអ៊ែរ​នោះ​ទេ ដោយ​បន្ថែម​ថា រាល់​ការ​ចូលរួម​ណាមួយ​ជាមួយ​តំណាង UN ត្រូវ​តែ​ធ្វើ​ឡើង​ក្រោម​នីតិវិធី​មាន​ស្រាប់​ដែល​កំណត់​ដោយ​សភា និង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កំពូល​របស់​អ៊ី​រ៉​ង់​តែ​ប៉ុណ្ណោះ​។ ពាក់ព័ន្ធ​បញ្ហា​នេះ IAEA មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាម​ៗ​នោះ​ទេ​។

អ៊ី​រ៉​ង់​បាន​ផ្អាក​ក្រុមការងារ IAEA ពី​ការ​ចូល​ទៅ​កាន់​ទីតាំង​នានា​របស់​ខ្លួន ដែល​ត្រូវ​បាន​ទម្លាក់​គ្រាប់បែក​ដោយ​អ៊ី​ស្រា​អែ​ល និង​សហរដ្ឋអាមេរិក អំឡុង​សង្គ្រាម​រយៈពេល ១២ ថ្ងៃ កាលពី​ថ្ងៃ​ទី​១៣ ដល់ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥​។ នៅ​ខែ​បន្ទាប់ IAEA បាន​អះអាង​ថា ខ្លួន​បាន​ដក​ក្រុមការងារ​អធិការកិច្ច​ដែល​នៅ​សេសសល់​របស់​ខ្លួន​ចេញពី​ប្រទេស​អ៊ី​រ៉​ង់​ហើយ​៕