មជ្ឈិមបូព៌ា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី២២ ខែមិថុនានេះ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានប្រកាសយ៉ាងដាច់អហង្ការកាលពីថ្ងៃអាទិត្យថា រាល់វត្តមានយោធារបស់អ៊ីស្រាអែលនៅលើទឹកដីលីបង់ គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត ដោយលោកបានសង្កត់ធ្ងន់ថា កងទ័ពជាតិលីបង់គឺជា «ភាគីតែមួយគត់ដែលមានសិទ្ធិស្របច្បាប់ក្នុងការការពារអធិបតេយ្យភាពជាតិ»។
លោកបានទាត់ចោលរាល់ការប៉ុនប៉ងបង្កើតតំបន់សន្តិសុខ ឬការដាក់តំណែងយោធាណាមួយរបស់អ៊ីស្រាអែលនៅខាងក្នុងប្រទេសលីបង់។
នៅក្នុងការថ្លែងការណ៍តាមទូរទស្សន៍ លោក Qassem បានចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមកែប្រែខ្លឹមសារនៃកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអ៊ីស្រាអែលចង់រក្សាសេរីភាពក្នុងការវាយប្រហារយោធានៅក្នុងលីបង់ តែតម្រូវឱ្យក្រុមហេហ្សបូឡាគោរពតាមលក្ខខណ្ឌឈប់បាញ់ទាំងស្រុង។ លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងទៅថ្ងៃអនាគតណាមួយ អាចទៅរួចលុះត្រាតែអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារទាំងស្រុង ដកកងទ័ពចេញឱ្យអស់ និងអនុញ្ញាតឱ្យកងទ័ពជាតិលីបង់ពង្រាយកម្លាំងនៅភាគខាងត្បូងទន្លេ Litani។ ជាមួយគ្នានេះ លោកក៏បានរិះគន់សហរដ្ឋអាម៉េរិកផងដែរថា មានឥទ្ធិពលអាចបង្ខំឱ្យអ៊ីស្រាអែលឈប់វាយប្រហារបាន ប៉ុន្តែអាម៉េរិកបែរជាបន្តផ្តល់ការគាំទ្រ ដែលធ្វើឱ្យអ៊ីស្រាអែលអាចបន្តប្រតិបត្តិការយោធាបានរហូតមកដល់ពេលនេះ។
ការចេញមុខមកប្រកាសជំហរដ៏រឹងមាំរបស់មេដឹកនាំហេសបូឡានេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានថ្លែងយ៉ាងច្បាស់ៗកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែលនឹងមិនដកខ្លួនចេញពី «តំបន់សន្តិសុខ» ដែលខ្លួនកំពុងគ្រប់គ្រងនៅភាគខាងត្បូងលីបង់ឡើយ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែលដែលបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃសុក្រ (ក្រោយការចុះ MoU រវាងអាម៉េរិក-អ៊ីរ៉ង់) យ៉ាងណាក៏ដោយ ដែលចំណុចនេះកំពុងធ្វើឱ្យស្ថានភាពសន្តិភាពដែលទើបតែឈានជើងចូល បន្តធ្លាក់ក្នុងភាពប្រកាសអាសន្នជាថ្មីម្តងទៀត៕
ចែករំលែកព័តមាននេះ