ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ដែល​បាន​ធ្វើ​វិសោធនកម្ម​ចំនួន១៥មាត្រា​ជា​ស្ថាពរ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ដែល​បាន​ធ្វើ​វិសោធនកម្ម​ចំនួន១៥ មាត្រាលើ​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់​ ដើម្បី​ឆ្លើយ​តប​តាម​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​បើក​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ពីសម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​ ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ជា​ការ​ធ្វើ​វិសោធនកម្ម​ចំនួន​១៥​មាត្រា លើ​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់​ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៤ ដើម្បី​ឆ្លើយ​តប​តាម​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ ។

មាត្រា​ទាំង​១៥​នៃ​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ដែល​បាន​ធ្វើ​វិសោធនកម្ម​នា​ពេល​នេះ​ មាន​មាត្រា​២៥ មាត្រា​២៦ មាត្រា​៤៨ មាត្រា​៤៩ មាត្រា​៥០ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦០ មាត្រា​៦១ មាត្រា​៦៦ មាត្រា​៦៧ មាត្រា​៦៨ និង​មាត្រា​៦៩​។

តាម​ការ​គូសបញ្ជាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​សេចក្តី​ថ្លែង​ហេតុ​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់​នេះ បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​ខាង​វិស័យ​ឯកជន ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ជាក់ស្តែង​នៃ​សង្គម​-​សេដ្ឋកិច្ច ព្រមទាំង​ត្រូវ​បាន​កំណត់​ជា​ការងារ​អាទិភាព​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ដើម្បី​កែសម្រួល​កម្រិត​ទម្ងន់​អតិបរមា​លើ​បណ្តាញ​ផ្លូវថ្នល់ ព្រមទាំង​ពិន័យ​អន្តរការណ៍ និង​ទោស​ប្បញ្ញត្តិ​ចំពោះ​បទល្មើស​ការ​កម្រិត​ទម្ងន់​ដឹក​ជញ្ជូន​អតិបរមា​លើ​បណ្តាញ​ផ្លូវថ្នល់​។

ក្រោយ​ពី​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​តាម​នីតិវិធី អង្គប្រជុំ​រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ជា​ឯកច្ឆន្ទ​ក្នុង​សំឡេង​១១៤​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ៕