ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​បន្ត​វា.យ​ប្រ.ហារ​ប្រទេស​លីបង់​ស្លា.ប់​ដប់​នា.ក់​ទោះ​បី​មាន​បទ​ឈប់​បា.ញ់​យ៉ាង​ណា​ក្ដី

4 ថ្ងៃ មុន

ទី​ក្រុង​បេរូត៖ យោធា​អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​នេះ​សម្លាប់​មនុស្ស​យ៉ាង​តិច​ដប់​នាក់​។ ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​នៃ​បទ​ឈប់​បាញ់​ជា​មួយ​ក្រុម​ហេស​បូឡា​ចូល​ជា​ធរ​មាន​។ ក្នុង​នោះ​អ៊ីស្រា​អែល​អះ​អាង​ថា​ខ្លួន​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​រ៉ុក​កែត​ពី​សំណាក់​ហេស​បូឡា​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​លីបង់​ផ្សាយ​ថា​យន្ត​ហោះ​ចម្បាំង​ និង​ដ្រូនរបស់​អ៊ីស្រា​អែល​វាយ​ប្រហារ​ទី​តាំង​ជា​ច្រើន​កន្លែង​នៅ​តំបន់​ខាង​ត្បូង​ និង​តំបន់​ជ្រល​ង​ភ្នំ​បេ​កា (Bekaa)។

មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែល​ម្នាក់​ថ្លែង​ថា​ហេ​សបូឡា​បាញ់​រ៉ុក​កែតជាង​៥០​គ្រាប់​ដាក់​យោធា​អ៊ីស្រា​អែល​នៅ​លីបង់​ខាង​ត្បូង​កាល​ពី​យប់​មិញ​ ដូច្នេះ​អ៊ីស្រាអែល​ក៏​វាយ​បក​វិញ​ទៅ​លើ​គោល​ដៅ​ក្រុម​ហេស​បូឡា​។ បើ​គេ​ស្ដាប់​ការ​បក​ស្រាយ​ពី​ក្រុម​ហេស​បូឡា ពួក​គេ​ថា​នៅ​តែ​គោរព​តាម​បទ​ឈប់​បាញ់​ជា​និច្ច​។ ប៉ុន្តែ​ខ្លួន​ក៏​នឹង​ឆ្លើយ​តប​ផង​ដែរ​ប្រសិន​បើ​អ៊ីស្រា​អែល​ចង់​រឹប​អូស​យក​ទី​តាំង​ណា​មួយ​ ឬ​ពង្រីក​ការ​គ្រប់​គ្រង​របស់​ខ្លួន​។ ហេស​បូឡា​ថា​យោធា​របស់​ខ្លួន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេញ​ដើម្បី​ការ​ពារ​ទឹក​ដី​របស់​ខ្លួន​។

​ក្រុម​ហេស​បូឡា​អះ​អាង​ថា​យោធា​អ៊ី​ស្រា​អែល​ប៉ុន​ប៉ង​ជ្រៀត​ចូល​តំបន់​ភ្នំ​អាលី​អាល់​ថា​ហឺ (Ali al-Taher) នៅ​លីបង់​ខាង​ត្បូង​។ ដូច្នេះ​ ហេសបូឡា​ក៏​វាយ​តប​ត​ទៅ​អ៊ីស្រាអែល​វិញ​។ បន្ទាប់​មក​ អ៊ីស្រា​អែល​វាយ​​ប្រហារ​តាម​អាកាស​។ មន្ត្រី​ជាន់​ខ្ពស់​របស់​ហេស​បូឡា​ប្រាប់​ថា​ក្រុម​របស់​ខ្លួន​​នឹង​មិន​អនុញ្ញាត​ឱ្យ​អ៊ីស្រា​អែល​ចេះ​តែ​ធ្វើ​សកម្ម​ភាព​នៅ​ក្នុង​តំបន់​ត្រួត​ត្រា​របស់​លីបង់​ទេ​។ ដូច្នេះ ហេស​បូឡា​សូម​រក្សា​សិទ្ធិ​វាយ​ប្រហារ​ជា​និច្ច​ដរាប​ណា​អ៊ីស្រា​អែល​រក្សា​កង​ទ័ព​នៅ​លើ​ទឹក​ដី​លីបង់​។

អំពើ​ហិង្សា​ចុង​ក្រោយ​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​បទ​ឈប់​បាញ់​មាន​ភាព​ផុយ​ស្រួយ​ណាស់​។ អ៊ីស្រា​អែល​វាយ​ប្រហារ​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​កម្ពស់​បី​ជាន់​នៅ​ទី​ក្រុង​បារីស (Barish) នៃ​សង្កាត់​ទីរ៉េ (Tyre) សម្លាប់​បុរស​ម្នាក់​ជា​ឪ​ពុក ជា​ម្ដាយ​ និង​កូន​ៗ​២​នាក់​។ នេះ​បើ​យោ​ង​តាម​មន្ត្រីថ្នាក់​មូល​ដ្ឋាន​​។ កង​ទ័ព​លីបង់​ថ្លែង​ថា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​សម្លាប់​ទាហាន​ម្នាក់​នៅ​​តាម​ផ្លូវ​​។ គេ​ក៏​បាន​ដាក់​ការ​ស្ដី​បន្ទោស​លើ​អ៊ីស្រា​អែល​ថា​ជា​អ្នក​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ស្ដារ​ស្ថិរ​ភាព​៕ ប្រភព៖ Reuters​