ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៥​ កម្ពុជា​បាន​បាត់បង់​ប្រាក់​៤៥​លាន​ដុល្លារ​ក្នុង​បទល្មើស​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ ភាគច្រើន​លើ​អន​ឡាញ​ហ្គេ​ម

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​ឆ្នាំ​២០២៥ ក​ន្លង​មកនេះ​ កម្ពុជា​បាន​បាត់បង់​ប្រាក់​៤៥លាន​ដុល្លារ​លើ​បទល្មើស​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ដែល​ភាគ​ច្រើន​លើ​ករណី​អន​ឡាញ​ហ្គេ​ម​ ។

ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញ​ជា​អធិបតី​សម្ពោធ​ជា​ផ្លូវការ​នូវ «​រឿង​អប់រំ​ខ្លី​» របស់​ទូរទស្សន៍​មហាផ្ទៃ​ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៦​ ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​៣​ថា ឆ្នាំ​២០២៥ តាម​ការ​សួរ​ពី​AI​បានឱ្យ​ដឹង​ថា​ នៅ​កម្ពុជា​បាន​បាត់បង់​ប្រាក់​៤៥​លាន​ដុល្លារ​ក្នុង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ដែក​ភាគច្រើន​ករណី​បទល្មើស​អន​ឡាញ​ហ្គេ​ម ខណៈ​នៅ​ទូ​ទាំង​ពិភពលោក​បាន​បាត់បង់​១០.៥​ទ្រី​លាន​ដុល្លារ​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ទៀត​ថា ​សម្រាប់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០​២៥​នោះ​ដែរ​ មាន​ប្រាក់​​ជាង​២០​លាន​ដុល្លារ ​ត្រូវ​បាន​ជួយ​សង្គ្រោះ​រក​ឃើញ​មក​វិញ​​ ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ «​អី​ញ្ចឹ​ង​យើង​គិត​មើល​ក្នុង​មួយ​ឆ្នាំ​យើង​បាត់បង់​៤៥​លាន​ដុល្លារ ចំនួន​នេះ​​ច្រើន​ បើ​យើង​យក​ថវិកា​​មក​អភិវឌ្ឍន៍​កសាង​ប្រទេស​ជាតិ ដូច្នេះ​ បើ​យើង​ទប់ស្កាត់​ករណី​នេះ​បាន» ​។

ចំណែក​ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា ការ​រីក​ចម្រើន​យ៉ាង​លឿន​នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន បាន​ធ្វើ​ឱ្យ​ពិភពលោក រួម​ទាំង​ព្រះរា​ជាណាចក្រ​កម្ពុជា ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន តាម​រយៈ​ការ​ចាប់​យក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ធ្វើ​ជា​មធ្យោបាយ ដើម្បី​ពង្រឹង និង​ពង្រីក ប្រសិទ្ធភាព​ការងារ និង​អាជីវកម្ម​។

ឯកឧត្តម អគ្គនាយក​បន្ដ​ថា ទោះបីជា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​មហាសាល​ដល់​មនុស្សជាតិ ប៉ុន្តែ​វា​ក៏​ទាមទារ​ឲ្យ​មនុស្ស​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​ប្រើប្រាស់​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់​។

ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏​បាន​លើក​ឡើង​ថា ឆ្លើយ​តប​នឹង​ទិស​ដៅ​នយោបាយ​ដ៏​វែង​ឆ្ងាយ​នេះ ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ប្រតិភាណ​ឈ្លាសវៃ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​នឹង​កំពុង​រុញច្រាន​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន ដោយ​ចាត់​ទុក​បច្ចេកវិទ្យា ជា​ឧប​ករណ៍​គន្លឹះ​ក្នុង​ការ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការ​ផ្តល់​សេវា ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​។

ឯកឧត្តម រដ្ឋលេខាធិការ​បន្ថែម​ថា ទោះជា​យ៉ាងណា ទន្ទឹម​នឹង​ផល​វិជ្ជមាន​ដ៏​មហាសាល នៃ​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ឌី​ជី​ថ​ល យើង​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អសន្តិសុខ​ទម្រង់​ថ្មី គឺ​បទល្មើស​បច្ចេកវិទ្យា​ឆ្លង​ដែន (Cybercrimes)​។ ឧក្រិដ្ឋជន បាន​នឹង​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​អន​ឡាញ​ធ្វើ​ជា​ឧបករណ៍​ឆបោក លួច​ទិន្នន័យ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ ។ សកម្មភាព​ខុសច្បាប់​ទាំងនេះ មិន​ត្រឹមតែ​បង្ក​វិនាសកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​បុគ្គល និង​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បំផ្លាញ​ដល់​ទំនុកចិត្ត​ឌី​ជី​ថ​ល ដែល​ជា​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សង្គម​ឌី​ជី​ថ​ល ព្រមទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​ផ្លូវចិត្ត និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ជា​គោលដៅ​អាទិភាព នៃ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ ៕