ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​​បិទ​ខ្ទប់​​កំពង់ផែ​អ៊ីរ៉ង់​ និង​ព្រ.មា.ន​វា.យ​ប្រ.ហារ​ទី​តាំង​ផលិត​ថាម​ពល​របស់​ប្រទេស​នេះ​បើ​ពួក​គេ​មិន​ព្រម​ចូល​តុ​ចរ​ចា​

3 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ លោក​ដូណាល់​ត្រាំ​ប្រកាស​បិទ​ខ្ទប់​ដែន​សមុទ្រ​របស់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​មិន​ឱ្យ​កប៉ាល់​នានា​អាច​បើក​ចេញ-​ចូល​កំពង់​ផែ​របស់​ប្រទេស​​នេះ​បាន​ឡើយ​។ លោក​ថែម​ទាំង​ព្រមាន​វាយ​ប្រហារ​រោង​ចក្រ​អគ្គិសនី និង​ស្ពាន​របស់​អ៊ីរ៉ង់​ផង​ដែរ​នៅ​សប្ដាហ៍​ក្រោយ​ប្រសិន​បើ​អ៊ីរ៉ង់​មិន​ព្រម​ចូល​តុ​ចរ​ចា​​​។ បើ​ដូច្នេះមែន​ មាន​ន័យ​ថា​សង្គ្រាម​នេះ​កាន់​តែ​ឡើង​កម្ដៅ​បន្ថែម​ទៀត​។ យោធា​អាមេរិក​ក៏​ចាប់​ផ្ដើម​វាយ​ប្រហារ​ជា​ថ្មី​ដើម្បី​​ទប់​ស្កាត់​មិន​ឱ្យ​​អ៊ីរ៉ង់​មាន​សមត្ថ​ភាព​វាយ​ប្រហារ​កប៉ាល់​ដឹក​ទំនិញ​ដែល​បើក​កាត់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​យោធា​អាមេរិក​។​

រដ្ឋាភិបាល​អ៊ីរ៉ង់​ថ្លែង​ថា​ខ្លួន​បាន​សម្រេច​ចិត្ត​បិទ​ច្រក​ហ័រ​ម៉ូស​ជា​ថ្មី​បន្ទាប់​ពី​ប្រទេស​ទាំង​២​មាន​អរិភាព​នឹង​គ្នា​​កាល​ពី​សប្ដាហ៍​មុន​ ជា​ហេតុ​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​ដែល​សម្រេច​បាន​កាល​ពី​ខែ​មិថុនា​នោះ​ក្លាយ​ជា​អសារ​ឥត​ការ​។ លោក​ត្រាំ​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ហ្វក់​ថា​លោក​នឹង​រក្សា​ទុក​ទី​តាំង​ផលិត​ថាម​ពល​ចុង​ក្រោយ​គេ​។ ប៉ុន្តែ​នៅ​ទី​បញ្ចប់​ យើង​នឹង​វាយ​ទី​តាំង​ថាម​ពល​។ នៅ​សប្ដាហ៍​ក្រោយ យើង​នឹង​វាយ​រោង​ចក្រ​អគ្គិស​នី​, សប្ដាហ៍​ក្រោយ​ យើង​នឹង​វាយ​ប្រហារ​ស្ពាន​។ លើក​លែង​តែ​ពួក​គេ​ចូល​តុ​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។

លោក​ត្រាំ​ថ្លែង​បន្ត​ទៀត​ថា​ក្រុម​អ្នក​ចរ​ចា​អាមេរិក​​បាន​ទាក់​ទង​ទៅ​សម​ភាគី​អ៊ីរ៉ង់​រួច​ហើយ​ដើម្បី​ប្រាប់​ពួក​គេ​ថា​យក​ល្អ​ពួកគេ​គួរ​តែ​ចរ​ចា​គ្នា​ឱ្យ​ចេញ​ជា​កិច្ច​ព្រម​ព្រៀង​។ យោធា​អ៊ីរ៉ង់​ថ្លែង​ថា​ខ្លួន​បាន​បញ្ជូន​ដ្រូន​ជា​ច្រើន​គ្រឿង​ទៅ​វាយ​ប្រហារ​មូល​ដ្ឋាន​របស់​យោធា​អាមេរិក​នៅ​ប្រទេស​ហ្សក​ដង់​។ ឆ្មាំ​បដិវត្ត​ឥស្លាម​ថ្លែង​ថា​គោល​ដៅ​របស់​ពួក​គេ​គឺ​វាយ​ប្រហារ​ទីតាំង​ស្តុក​ទុក​អាវុធ​យុទ្ធ​ភ័ណ្ឌ​​នៅ​ប្រទេស​បារ៉េន និង​គូវែត​។ យោធា​គូវែត​ប្រកាស​ថា​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​បាន​តាម​ប្រមាញ់​ដ្រូន​របស់​អ៊ីរ៉ង់​។ ក្រោយ​មក​ មាន​ហេតុ​ការណ៍​ឆេះ​ដ៏​ធំ​មួយ​។ ប៉ុន្តែ​ទីភ្នាក់​ងារ​ព័ត៌​មាន​របស់​រដ្ឋ​ផ្សាយ​ថា​ភ្នាក់​ងារ​អគ្គិភ័យ​បាន​ពន្លត់​ភ្លើង​នោះ​ឱ្យ​រលត់​ទៅ​វិញ​អស់​​​ហើយ​។

ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅមក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ធ្វើ​ឱ្យ​គេ​លែង​សង្ឃឹម​ទៅ​លើ​បទ​ឈប់​បាញ់​បណ្ដោះ​អាសន្ន​ ឬ​អនុ​ស្សារណៈ​យោគ​យល់​គ្នា​ដែល​ភាគី​ទាំង​២​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ​មុន​​។ មុន​ដំបូង​ គេ​សង្ឃឹម​ថា​បទ​ឈប់​បាញ់​នេះ​អាច​នឹង​នាំ​ទៅ​ដល់​ការ​បិទ​បញ្ចប់​សង្គ្រាម​ជា​អចិន្ត្រៃយ៍។ ​សារ​ព័ត៌​មាន​អ៊ីរ៉ង់​ផ្សាយ​ថា​មីស៊ីល​របស់​អាមេរិក​វាយ​ប្រហារ​ទីតាំង​មួយ​កន្លែង​នៅ​ទី​ក្រុង​បាន់​ដា​ អាបាស់​ (Bandar Abbas) ដែល​ស្ថិត​នៅតាម​បណ្ដោយ​ច្រក​ហ័រ​ម៉ូស។ ចំណែក​ទីភ្នាក់​ងារ​ព័ត៌​មាន​អ៊ីរ៉ង់​ IRNA ផ្សាយ​ថា​មីស៊ីល​អាមេរិក​វាយ​ប្រហារ​តំបន់​មួយ​ក្បែរ​​ទី​ក្រុង​ស៊ីរីក (Sirik)​។ អនុ​រដ្ឋ​មន្ត្រី​​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​ថា​ប្រសិន​បើ​អាមេរិក​គិត​ថា​គាប​សង្កត់​យើង​អាច​បង្ខំ​​ឱ្យ​យើង​​​ចូល​តុ​ចរ​ចានោះ​មាន​ន័យ​ថា​​ពួក​គេ​ពិត​ជា​យល់​ច្រឡំ​ធំ​ហើយ​៕​ប្រភព៖ Reuters​