ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១៩ ខែមិថុនានេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខអំពាវនាវយ៉ាងម៉ឺងម៉ាត់ឱ្យមាន «ការឈប់បាញ់ទាំងស្រុងនៅគ្រប់សមរភូមិ» រួមទាំងរវាងអ៊ីស្រាអែល ក្រុមហេហ្សបូឡា និងនៅក្នុងប្រទេសលីបង់ផងដែរ ដើម្បីកុំឱ្យមានការរំខានដល់ដំណើរការចរចាសន្តិភាព។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយភាគីអ៊ីរ៉ង់នៅក្នុងប្រទេសបារាំង កាលពីថ្ងៃពុធ ដែលជាការបើកផ្លូវឱ្យប្រទេសទាំងពីរឈានចូលដល់ដំណាក់កាលចរចារយៈពេល ៦០ ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ក្នុងគោលបំណងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកប្ដេជ្ញាចិត្តដើម្បីសន្តិភាព ហើយចង់ឃើញគ្រប់ភាគីទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ារក្សាការប្ដេជ្ញាចិត្តរបស់ខ្លួន ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលទាមទារឱ្យមានការបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នេះ កំពុងជួបឧបសគ្គធំ ដោយសារតែប្រទេសអ៊ីស្រាអែលនៅតែប្រកាសរឹងរូសថាខ្លួនគ្មានបំណងដកកងទ័ពចេញពីទឹកដីលីបង់ឡើយ៕
ចែករំលែកព័តមាននេះ