ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ និង​រុស្ស៊ី​​ឯក​ភាព​ពន្លឿន​គម្រោង​សាង​សង់​រោង​ចក្រ​អគ្គិសនី​ដោយ​ថាម​ពល​នុយ​ក្លេអ៊ែរ​

5 ថ្ងៃ មុន

ទី​ក្រុង​កាហ្សាន៖ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ លោក​ឡេ​មិញ​ហុង និង​ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ពូទីន បាន​ឯក​ភាព​គ្នា​ថា​នឹង​ពន្លឿន​ការ​ចរ​ចា​គ្នា​ដើម្បី​សាង​សង់​រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​ថាម​ពល​នុយ​ក្លេ​អ៊ែរ។ សង្ឃឹមថា​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោក​ហុង​កំពុង​ស្ថិត​នៅ​ទី​ក្រុង​កាហ្សា​ន ប្រទេស​រុស្ស៊ី ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រវាង​អាស៊ាន និង​រុស្ស៊ី​ និង​សកម្ម​ភាព​មួយ​ចំនួន​ទៀត​នៅ​ទី​នោះ​​។

លោក​ពូទីន​បាន​ថ្លែង​អំណរ​គុណ​វៀតណាម​ចំពោះ​ការ​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ និង​តែង​តែ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ដំណើ​រការ​ប្រជុំ​កំពូល​រវាង​អាស៊ាន និង​រុស្ស៊ី​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​។ កិច្ច​ប្រជុំ​កំពូល​លើក​នេះ​​ធ្វើ​ឡើង​ចំ​ថ្ងៃ​​ខួប​ទី​៣៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​រវាង​អាស៊ាន និង​រុស្ស៊ី​។ ​លោក​ពូទីន​សម្លឹង​ឃើញ​វៀត​ណាម​ជា​ដៃ​គូ​ដ៏​សំខាន់​បំផុត ហើយ​ក៏​ជា​មិត្ត​ភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​រុស្ស៊ី​ជាង​គេ​បើ​ប្រៀប​ធៀប​ជា​មួយបណ្ដា​​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​។

រុស្ស៊ី​ចាត់​ទុក​វៀតណាម​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់​មួយ​របស់​រុស្ស៊ី​ដើម្បី​ឈាន​ជើង​ចូល​អាស៊ាន​ ហើយ​វៀតណាម​ក៏​ជា​កម្លាំង​ចលករ​ក្នុង​ការ​ជំរុញ​គំនិត​ផ្ដួច​ផ្ដើម​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់​ផង​ដែរ​។ លោក​ពូទីន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ទទួល​បាន​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​នៅ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​។ ជា​ពិសេស​បំផុត​នោះ​គឺ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ប្រកប​ដោយ​ស្ថិរ​ភាព​នៅ​ក្នុង​វិស័យ​នយោ​បាយ​ដែល​លោក​ចាត់​ទុក​ថា​ជា​បាត​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ការ​ពង្រីក​ទំនាក់​ទំនង​។

នៅ​ពេល​​រំលឹក​ទៅ​ដល់​ការ​ជួប​គ្នា​ប៉ុន្មាន​ដង​ជា​មួយ​ថ្នាក់​ដឹក​នាំ​​វៀត​ណាម​កាល​ពី​ពេល​កន្លង​មក លោក​ពូទីន​បាន​​​ផ្ដាំ​ផ្ញើ​ពាក្យ​ពេចន៍​ទៅ​ជម្រាប​ជូន​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម លោក​តូឡឹម និង​មន្ត្រី​រដ្ឋាភិបាល​សំខាន់​ៗ​ដទៃ​ទៀត​។ ​លោក​ពូទីន​មាន​ទំនុក​ចិត្ត​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហុង​ និង​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ដទៃ​ទៀត​​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​ៗ​នឹង​បន្ត​ធ្វើ​ការ​​ជា​មួយ​រុស្ស៊ី​ដើម្បី​ពង្រឹង​ភាព​ជា​ដៃ​គូ​ជា​យុទ្ធ​សាស្ត្រ​នៅ​លើ​វិស័យ​នានា​។

​លោក​ហុង​រំលេច​ឱ្យ​ឃើញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដែល​ឈាន​ដល់​ដំណាក់​កាល​នៃ​ការ​ឈោង​ចាប់​យក​ឱកាស​សំខាន់​ និង​សក្ដា​នុពល​នា​ពេល​អនា​គត​។ ហេតុ​នេះ​ លោក​ហុង​ និង​លោក​ពូទីន​ឯក​ភាព​គ្នា​ថា​នឹង​ពន្លឿន​ការ​ចរ​ចា​គ្នា​ឱ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ប្រញាប់​អនុ​វត្ត​គម្រោង​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​​និញ​ធួន​មួយ (Ninh Thuan 1)។ ភាគី​ទាំង​២​បញ្ជាក់​ថា​អ្វី​ដែល​ជា​សសរ​ស្ដម្ភ​សំខាន់​ៗ​សម្រាប់​ជ្រោម​ជ្រែង​ទំនាក់​ទំនង​ទ្វេ​ភាគី​នេះ​គឺ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ខាង​វិស័យ​ថាម​ពល​ ប្រេង​ឆៅ ឧស្ម័ន និង​ថាម​ពល​នុយ​ក្លេអ៊ែរ​៕ ប្រភព៖ Vietnam Express