ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​វា.យ​ប្រ.ហារ​​លីបង់​ភាគ​ខាង​ត្បូង​យ៉ាង​ខ្លាំង​ក្លា​ ខណៈ​ដែល​​អាមេរិក និង​អ៊ីរ៉ង់​ផ្អាក​​ជួប​គ្នា​នៅ​ស្វីស

5 ថ្ងៃ មុន

ទី​ក្រុង​យេរូសាឡឹម៖ យោធា​អ៊ីស្រា​អែល​ថ្លែង​ថា​កង​ទ័ព​របស់​ខ្លួន​បាន​វាយ​ប្រហារ​គោល​ដៅ​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​លីបង់​ភាគ​ខាង​ត្បូង​កាល​ពី​យប់​មិញ​។ ក្រុម​ហេសបូឡា​ក៏​ទទួល​ស្គាល់​ថា​មាន​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​នៅ​លើ​ទីតាំង​ទាំង​នោះ​​ផង​ដែរ​​ ហេតុ​នេះ​​ វា​ជា​ការ​គំរាម​កំហែង​បទ​ឈប់​បាញ់​រវាង​អ៊ីរ៉ង់ និង​អាមេរិក​។ គម្រោង​ជួប​ចរ​ចា​គ្នា​រវាង​អាមេរិក និង​គណៈ​ប្រតិ​ភូ​អ៊ីរ៉ង់​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​នេះ​ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ​។ ក្រុម​ប្រទេស​ដែល​ដើរ​តួ​ជា​អន្តរ​ការី​សម្រប​សម្រួល​ការ​ចរ​ចា​គ្នា​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ដើម្បី​រៀប​ចំ​គម្រោង​ជួប​គ្នា​សា​ជា​ថ្មី​។

គោល​ដៅ​របស់​ក្រុម​អ្នក​ចរ​ចា​គឺ​ធ្វើ​យ៉ាង​ណា​បង្កើត​កិច្ច​ព្រមព្រៀង​ដែល​អាច​បិទ​បញ្ចប់​ជម្លោះ​ជា​​ស្ថា​ពរ​​​។ ​​ប្រទេស​លីបង់​ក៏​កំពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។ នេះ​បើ​យោង​តាម​​មន្ត្រី​រដ្ឋាភិបាល​នៅ​​​មជ្ឈិម​បូព៌ា​បង្ហើប​ឱ្យ​ដឹង​។ ទន្ទឹម​នឹង​នោះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​សង្គ្រាម​នៅ​លីបង់​កើន​ឡើង​ឥត​ឈប់​ឈរ​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​របស់​រដ្ឋ​លីបង់​ផ្សាយ​ថា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​ថ្មី​ៗ​បំផុត​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៨​នាក់​។ អ៊ីស្រា​អែល​ប្រកាស​ថា​យោធា​របស់​ខ្លួន​នឹង​បន្ត​ប្រតិ​បត្តិ​ការ​សឹក​​​។

អ៊ីស្រា​អែល​ថ្លែង​ថា​យោធា​របស់​ខ្លួន​បួន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​លីបង់​ខាង​ត្បូង​។ ក្នុ​ង​នោះ​មាន​​វរសេនីយ៍​ឯក​ម្នាក់​​​ស្លាប់​ផង​ដែរ​។ អ៊ីស្រា​អែល​ថា​មាន​ករណី​វាយ​ប្រហារ​ដោយ​ដ្រូន​ទៅ​លើ​យោធា​របស់​ខ្លួន​បណ្ដាល​ឱ្យ​របួស​៥​នាក់​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​។ មិន​ត្រឹម​តែ​នៅ​លីបង់​ភាគ​ខាង​ត្បូង​ប៉ុណ្ណោះ​ទេ​ ​​អ៊ីស្រា​អែល​ថា​ខ្លួន​ក៏​បាន​វាយ​ប្រហារ​គោល​ដៅ​​នៅ​ប្រទេស​លីបង់​ភាគ​ខាង​កើត​ផង​ដែរ​។ សារ​ព័ត៌​មាន​លីបង់​ផ្សាយ​ថា​ភូមិ​ដូរីស (Douris) រង​ការ​វាយ​ប្រហារ​។

​​បើ​សង្គ្រាម​នៅ​តែ​បន្ត​នៅ​លីបង់​ដូចសព្វ​ថ្ងៃ​នេះ​​ ​វា​អាច​នឹង​បង្ក​បញ្ហា​សម្រាប់​កិច្ច​ព្រម​ព្រៀង​ដែល​ទើប​តែ​ចុះ​ហត្ថ​លេខា​ហើយ​ថ្មី​ៗ ហើយ​ដែល​អំពាវ​នាវ​ឱ្យ​គ្រប់​ភាគី​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ប្រតិ​បត្តិ​ការ​សឹក​នៅ​គ្រប់​សមរភូមិ​ទាំង​អស់​រួម​ទាំង​នៅ​ប្រទេស​លីបង់​ផង​ដែរ​។ នៅ​លីបង់ អ៊ីស្រា​អែល​បន្ត​តាម​ប្រមាញ់​ក្រុម​ហេស​បូឡា​ ដែល​ហេស​បូឡា​នេះ​មាន​អ៊ីរ៉ង់​នៅ​ពី​ក្រោយ​ខ្នង​​។ កិច្ច​ព្រម​ព្រៀង​​ដែល​ទើប​តែ​ចុះ​ហត្ថ​លេខា​នោះ​​នោះ​ក៏​អំពាវ​នាវ​ឱ្យ​​គោរព​បូរណ​ភាព​ទឹក​ដី និង​អធិប​តេយ្យ​ភាព​ជាតិ​របស់​​លីបង់​ផង​ដែរ​៕ ប្រភព៖ AP