ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន ចុះ​បង្ក្រាប និង​កម្ទេច​ចោល​ឡធ្យូង​ខុសច្បាប់ ២​កន្លែង នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ

3 អាទិត្យ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប និង​កម្ទេច​ចោល​នូវ​ទីតាំង​ឡ​ដុត​ធ្យូង​ខុសច្បាប់​ចំនួន ១​កន្លែង ដែល​មាន​ឡ​ចំនួន​២ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​គ្រៀង​សែនជ័យ ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ។

ប្រតិបត្តិការ​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៦ នេះ ធ្វើ​ឡើង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ និង​មានការ​ឯកភាព​ពី​រដ្ឋបាល​ស្រុក​អូរ​គ្រៀង​សែន​ជ័យ។ កម្លាំង​ចម្រុះ​ដែល​រួម​មាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហការ​ជាមួយ​កម្លាំង​ល្បាត​របស់​សហគមន៍​មូលដ្ឋាន​និង​ប្រជា​ការពារ​ភូមិ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក ញ៉ែ​ម វិ​សាល នាយក​ដែនជម្រកសត្វព្រៃ​សំបូរ បាន​ចុះ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង ដោយ​បាន​វាយ​កម្ទេច​ចោល​ទាំងស្រុង​នូវ​ឡធ្យូង​ខុសច្បាប់​ទាំង ២ នោះ ដែល​ស្ថិត​នៅ​ត្រង់​ចំណុច​ទួល​ចំបក់ ក្នុងភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ​។

យោង​តាម​មន្ត្រី​ជំនាញ និង​អ្នកជំនាញ​ផ្នែក​បរិស្ថាន ការ​បង្កើត​និង​ដំណើរការ​ឡ​ដុត​ធ្យូង​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ដូច​ជា​៖ ការ​បាត់បង់​គម្រប​ព្រៃឈើ និង​ជីវៈចម្រុះ​៖ សកម្ម​ភាព​ដុត​ធ្យូង​តម្រូវ​ឱ្យ​មានការ​កាប់​ទម្លាយ​ឈើមូល និង​ឈើ​យ៉ាងច្រើន ដែល​បង្ក​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ​ជា​បន្តបន្ទាប់ ប៉ះពាល់​ដល់ទី​ជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី​។

ជំនាញ​បន្តា​ថា​ផ្សែង​ដែល​ភាយ​ចេញពី​ឡធ្យូង​ផ្ទុក​ទៅ​ដោយ​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO_2) និង​សារធាតុ​ពុល​ផ្សេង​ៗ​ទៀត ដែល​មិន​ត្រឹមតែ​បំពុល​ខ្យល់ដកដង្ហើម​របស់​សហគមន៍​ជុំវិញ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ចំណែក​មួយ​ជំរុញ​ឱ្យ​មានការ​កើនឡើង​កម្តៅ​ភព​ផែនដី និង​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ​។

ទាក់ទិន​ករណី​នេះ​ជំនាញ​ក៏​បាន​តំ​លេច​ដែរ​ថា​ការគ្រប់គ្រង​ការ​ដុត​ខ្វះ​បច្ចេកទេស និង​ខុសច្បាប់ អាច​បង្ក​ជា​ភ្លើង​ឆេះ​ព្រៃ​រាលដាល​យ៉ាង​ងាយស្រួល ជា​ពិសេស​ក្នុង​រដូវប្រាំង ដែល​អាច​បំផ្លាញ​ព្រៃឈើ​រាប់រយ​ហិ​កតា​ក្នុង​ពេល​ដ៏​ខ្លី​។

បច្ចុប្បន្ន មន្ត្រី​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស​ដែល​ជា​ម្ចាស់​ទីតាំង ដើម្បី​យក​មក​អនុវត្ត​ទោស​តាម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​។​ជាមួយ​គ្នា​នេះ អាជ្ញា​ធរ​និង​មន្ទីរ​ជំនាញ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​កាប់​ឈើ​ធ្វើ​ឡធ្យូង និង​ងាក​មក​ចូលរួម​ការពារ​ព្រៃឈើ ក៏ដូច​ជា​ការ​រាយការណ៍​ជា​បន្ទាន់​នូវ​រាល់​បទល្មើស​ឡធ្យូង ឬ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​មក​សមត្ថកិច្ច ដើម្បី​រួម​គ្នា​ថែរក្សា​ធនធានធម្មជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕