ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រដ្ឋបាល​ព្រៃឈើ បង្ក្រាប​ការ​លក់​សាច់សត្វ​ព្រៃ​ខុសច្បាប់​ជិត ៦០​គីឡូក្រាម នៅ​ផ្សារ​សាមគ្គី

3 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង បាន​ចុះ​ប្រតិបត្តិការ​ឆ្មក់​ត្រួតពិនិត្យ និង​បង្ក្រាប​ករណី​លក់ដូរ​សាច់សត្វ​ព្រៃ​ខុសច្បាប់​នៅ​ទីតាំង​ផ្សារ​សាមគ្គី ក្រុង​ស្ទឹង​ត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០២៦ នេះ ដោយ​ដកហូត​បាន​សាច់សត្វ​ព្រៃ​ចំនួន​៣ប្រភេទ ខណៈ​ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល។

ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​ពង្រឹង​ច្បាប់​ស្តី​ពី​ព្រៃឈើ និងការ​អភិរក្ស​ជីវចម្រុះ​នេះ កម្លាំង​ជំនាញ​បាន​រក​ឃើញ និង​ដកហូត​វត្ថុ​តាង​ជា​សាច់សត្វ​ព្រៃ​សរុប​ប្រមាណ ៦០​គីឡូ​ក្រាម​។ ទោះជា​យ៉ាងណា ក្នុង​ពេល​ដែល​សមត្ថកិច្ច​ជិត​ទៅ​ដល់ទី​តាំង​កើតហេតុ ក្រុម​អាជីវករ​ដែល លួចលាក់​លក់ដូរ​សាច់សត្វ​ព្រៃ​ទាំងនោះ បានដឹង​ខ្លួន​មុន និង​រត់គេច​ខ្លួន​ចេញពី​ផ្សារ​ភ្លាម​ៗ បន្សល់​ទុក​តែ​វត្ថុ​តាង។

បច្ចុប្បន្ន សាច់សត្វ​ព្រៃ​ទាំង ៣​ប្រភេទ ដែល​ជា​វត្ថុ​តាង​នៃ​បទល្មើស ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​ជា​ធរមាន​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​សាធារណជន ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​បរបាញ់ ដឹកជញ្ជូន ជួញដូរ និង​ការ​បរិភោគ​សត្វព្រៃ​គ្រប់​ប្រភេទ ដើម្បី​រួម​គ្នា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏​ដូច​ជា​ជីវចម្រុះ​ឱ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

ជាមួយ​គ្នា​នេះ ប្រភព​ពី​មន្ត្រី​ដដែល​បាន​គូសបញ្ជាក់​ថា សមត្ថកិច្ច​ជំនាញ​នឹង​បន្ត​យុទ្ធនាការ​រឹត​បន្តឹង​ការ​ត្រួត ពិនិត្យ និង​តាមដាន​បង្ក្រាប​បទល្មើស​សត្វព្រៃ​ខុសច្បាប់​បែប​នេះ​ជា​បន្តបន្ទាប់​ទៀត នៅ​តាម​បណ្តា​ទីផ្សារ និង​តំបន់​គោលដៅ​នានា ទូ​ទាំង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​ខុសច្បាប់​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​៕