ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​ត្រែង ជម្រុញ​ការ​ស្តារ​គុណភាព​ដី និង​អភិរក្ស​ធនធាន​ធម្មជាតិ ដើម្បី​ធានា​និរន្តរភាព​កសិកម្ម

3 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ប្រារព្ធ «​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​គុណភាព​ដី និង​គ្រោះ​រាំង​ស្ងួត​»​កាលពី​ព្រឹក​ថ្ងៃ​ទី ១៧ មិថុនា ២០២៦ ក្នុង​គោលបំណង​ដាស់តឿន និង​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​បាត់បង់​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី​ដី​។

លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្ត​បាន​លើក​ឡើង​ថា​៖​ទិវា​ពិភពលោក​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ តាំងពី​ឆ្នាំ​១៩៩៤​ដែល​មាន​ប្រទេស​ជាស​មាជិ​ក​ចំនួន ១៩៥ ចូលរួម​ប្ដេជ្ញា​ចិត្ត​សម្រេច​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព បង្ការ​រហោស្ថាន​កម្ម និង​ការ​ធ្លាក់​ចុះ​គុណភាព​ដី​។​នា​ឱកាស​នោះ​លោក​ប្រ​ធា​ន៊​មន្ទីរ​បាន​គូសបញ្ជាក់​ថា​៖ វិស័យ​កសិកម្ម​គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ខេត្តស្ទឹងត្រែង ដែល​ស្រូប​យកកម្លាំង​ពលកម្ម​ប្រជាពលរដ្ឋ​រហូត​ដល់ ៨៣%​។

ផ្អែក​លើ​របាយការណ៍​វឌ្ឍនភាព​ទិន្នផល​ឆ្នាំ​២០២៥ ការ​បង្កបង្កើន​ផល​ស្រូវ​សម្រេច​បាន ២៨ ៩២០ ហិ​កតា លើស​ផែនការ ២,៥៩% ធានា​បាន​នូវ​សន្តិសុខ ស្បៀងលើស​តម្រូវការ​ជាង ១៣ ០០០ តោន ព្រមទាំង​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សាកវប្បកម្ម និង​ឧស្សាហកម្ម ដូច​ជា ដំឡូង​មី ស្វាយចន្ទី កៅស៊ូ សរុប​ជាង ១១ ម៉ឺន​ហិ​កតា សម្រាប់​បម្រើ​ការ​នាំ​ចេញ​។​ក្នុង​ស្ថានភាព​បច្ចុប្បន្ន គិត​ត្រឹម​ឧសភា ២០២៦ ការងារ​ដាំ​ដុះ​ស្រូវ​វស្សា​សម្រេច​បាន ២៣,៣៣% នៃ​ផែនការ​សរុប ២៩,៨៥០ ហិ​កតា រួម​ជាមួយ​ដំណាំ​ឧស្សាហកម្ម​ជាង ៦ ម៉ឺន​ហិ​កតា​ទៀត​។

លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា​៖ ទោះបីជា​ខេត្តស្ទឹងត្រែង​មាន​ភូមិ​សាស្ត្រ​អំណោយផល មាន​ប្រភព​ទឹក​ជួប​គ្នា​ទន្លេ​ទាំង​បួន​ក៏​ដោយ ក៏​ការ​ប្រែប្រួល​អាកាសធាតុ គ្រោះ​រាំង​ស្ងួត និង​ការ​ខ្វះខាត​ទឹក នៅ​តែ​ជា​ការ​គំរាមកំហែង​ចម្បង​ដល់​ស្ថិរភាព​នៃ​ការ​បង្កបង្កើន​ផល និង​គុណភាព​ដី​កសិកម្ម ប្រសិនបើ​គ្មាន​ការ​គ្រប់គ្រង និង​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ​។

សម្រាប់​ការ​ការពារ​ព្រៃឈើ និង​យុទ្ធនាការ​បង្កើន​គម្រប​បៃតង​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នេះ ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ និង​វិធានការ​ក្ដៅ​ៗ​ចំនួន ២ ៖ ១-រដ្ឋបាល​ខេត្ត​ប្រកាស​ជំហរ​ដាច់ខាត មិន​ទន់ជ្រាយ ឬ​ទទួលយក​ការ​សុំ​អន្តរាគមន៍​ណាមួយ​ចំពោះ​បទល្មើស​បំផ្លាញ​ធម្ម​ជាតិ នោះ​ឡើយ​។ ជនខិលខូច​ដែល​កាប់​បំផ្លាញ​ព្រៃឈើ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ដែល​ជាដើម​ហេតុធ្វើ​ឱ្យ​បាត់បង់​លំនឹង​ទឹកភ្លៀង និង​ធ្វើ​ឱ្យ​ដី​ខូចគុណភាព ត្រូវ​តែ​ប្រឈម​មុខ​នឹង​ចំណាត់ការ​ច្បាប់​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ជា​ធរមាន​។​ ២-​ជម្រុញ​ប្រជាពលរដ្ឋ​ឱ្យ​ផ្លាស់​ប្ដូរ​ផ្នត់គំនិត ដោយ​មិន​ត្រូវ​ទុក​ដី​ជុំវិញ​ផ្ទះ​ឱ្យ​ទំនេរ​ចោល ឬ​ស្ងួត​ក្រៀមក្រោះ​ឡើយ ត្រូវ​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ ឬ​ដើមឈើ​ហូប​ផ្លែ ដើម្បី​រក្សា​ភាព​សើម និង​វាយនភាព​ដី​។

តាម​វត្ត​អារាម និង​សាលារៀន ត្រូវ​បង្កើត​ចលនា​ដាំ​ដើមឈើ​ប្រណីត ឈើ​ហូប​ផ្លែ ឬ​ដាំ​ផ្កា ដើម្បី​បង្កើន​គម្រប​បៃតង និង​ការពារ​ការ​ហូរ​ច្រោះ​ដី​។ តំបន់​មាត់ទន្លេ ណែនាំ​ឱ្យ​ដាំ​ដើម​ឫស្សី​នៅ​តាម​ដង​ទន្លេ ដើម្បី​ជួយ​ទប់​ច្រាំង​​កុំឱ្យ​បាក់ និង​រក្សា​និរន្តរភាព​ដី​តំបន់ឆ្នេរ​ទន្លេ​។

លោកស្រី ចាន់ ផល​លឿន អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​មាន​ប្រសា​សន៍​ថា​៖ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​គុណភាព​ដី​និង​គ្រោះ​រាំង​ស្ងួត មិនមែន​ជា​កាតព្វកិច្ច​របស់​បុគ្គល​ណា​ម្នាក់​ឡើយ ប៉ុន្តែ​វា​ទាមទារ​ឱ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​ការ​បញ្ឈប់​ការ​បំផ្លាញ​ព្រៃឈើ និង​ការ​បង្កើន​ការ​ដាំ​ដុះ​ឡើង​វិញ ដើម្បី​ធានា​ថា​ដី​នៅ​តែ​មាន​ជីវជាតិ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​កសិកម្ម​របស់​ខេត្តស្ទឹងត្រែង ឱ្យ​មាន​ភាពរឹង​មាំ​និង​និរន្តរភាព​តទៅ​អនាគត​៕