ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​នឹង​បើក​ច្រក​ហ័រម៉ូស ហើយ​នឹង​ទទួល​បាន​សិទ្ធិ​លក់​ប្រេង​ឆៅ​ឡើង​វិញ​បើ​យោង​តាម​កិច្ច​ព្រម​ព្រៀង​

1 អាទិត្យ មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ ប្រទេស​អ៊ីរ៉ង់​នឹង​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ជា​បន្ទាន់​នៅ​ពេល​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ចាប់​ផ្ដើម​​​​ចុះ​ហត្ថ​លេខា​។ អ៊ីរ៉ង់​ក៏​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាមេរិក​ដើម្បី​លក់​ប្រេង​ឆៅ​ដោយ​គ្មាន​ការ​រឹត​ត្បិត​ត​ទៅ​ទៀត​ទេ។ នេះ​បើ​យោង​តាម​ឯក​សារ​បែក​ធ្លាយ​ដែល​អ្នក​សារ​ព័ត៌​មាន​ទទួល​បាន​ ហើយ​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ទាំង​២​បញ្ជាក់​ថា​ពិត​ជា​ត្រឹម​ត្រូវ​។ កិច្ច​ព្រម​ព្រៀង​នោះត្រៀម​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​នៅ​ប្រទេស​ស្វីស​។

អាមេរិក​នឹង​ធ្វើ​ជា​មេ​ចំណែក​នៅ​ក្នុង​ការ​ស្វះ​ស្វែង​រក​ថវិកា​យ៉ាង​តិច​៣​រយ​ពាន់​លាន​ដុល្លារ​ដើម្បី​កសាង​ប្រទេស​អ៊ីរ៉ង់​ឡើង​វិញ​។ មាន​ន័យ​ថា​លោក​ត្រាំ​កំពុង​អនុ​វត្ត​នយោបាយ​ «ដំបង និង​ការ៉ុត» វាយ​ប្រហារ​ទាល់​តែ​ខ្ទេច​ដូច​​បង្អួល​ រួច​ហើយ​ទើប​ចាប់​ផ្ដើម​បញ្ចុក​ចំណី​​ជា​ក្រោយ​​​ (កសាង​ប្រទេស​ឡើង​វិញ)។ សម​ដូច​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា​ «បើ​មិន​វាយ​គ្នា​ក៏​មិន​ស្គាល់​គ្នា​» អាមេរិក​នឹង​បិទ​បញ្ចប់​រាល់​ការ​ដាក់​ទណ្ឌ​កម្ម​ទាំង​អស់​លើ​អ៊ីរ៉ង់​។ ទណ្ឌ​កម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ទាំង​អស់​ដែល​ដាក់​ទៅ​លើ​អ៊ីរ៉ង់​ក៏​ត្រូវ​ដក​ចេញ​ផង​ដែរ​។ ការ​បន្ធូរ​បន្ថយ​នេះ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​កិច្ច​ព្រមព្រៀង​នុយ​ក្លេ​អ៊ែរ​​​​ជា​មុន​សិន​​។

តាម​មើល​ទៅ កិច្ច​ព្រម​ព្រៀង​ក្រោយ​នេះ​អាច​នឹង​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​ធំ​ៗ​នៅ​វ៉ាស៊ីនតោន​ ហើយ​ក៏​ធ្វើ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ​ ខក​ចិត្ត​មិន​តិច​ដែរ​​។ នេះ​ជា​ការ​ដើរ​ថយ​ក្រោយ​របស់​លោក​ណឺ​តាន់​យ៉ាហ៊ូ​​ព្រោះ​លោក​ជា​អ្នក​ចូល​រួម​ជា​មួយ​អា​មេ​រិក​ក្នុង​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​កាល​ពី​ចុង​ខែ​កុម្ភៈ​។ ចិត្ត​របស់​ណឺតាន់​យ៉ាហ៊ូ​គឺ​ចង់​កាច់​បំបាក់​ ឬ​ដូរ​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង និង​កាច់​បំបាក់​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​។

កិច្ច​ព្រម​ព្រៀង​ក្រោយ​នេះ​ទាម​ទារ​ឱ្យ​អ៊ីស្រាអែល​ និ​ងហេសបូឡា​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ជា​ប​ន្ទាន់​នៅ​លីបង់​។ នេះ​ជា​ចំណុច​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ព្រោះ​បើ​មិន​និយាយ​ចង​ជើង​ដូច្នេះ​ទេ​មិន​កើត​ឡើយ​​។ អ៊ីស្រា​អែល​ប្រកាស​ពី​មុន​នេះ​ថាទោះ​បី​មាន​កិច្ច​ព្រមព្រៀង​អាមេរិក-​អ៊ីរ៉ង់​ក៏​ខ្លួន​នៅ​តែ​បន្ត​យុទ្ធ​នា​ការ​នៅ​លីបង់​ដដែល​។ អាមេរិក​ និង​អ៊ីរ៉ង់​នឹង​យក​ពេល​៦០​ថ្ងៃ​នៃ​ការ​ផ្អាក​ផ្ទុះ​អាវុធ​ដើម្បី​ចរ​ចា​គ្នា​សម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ជា​ស្ថា​ពរ។ ក្នុង​នោះ អាមេរិក​ទាម​ទារ​ដាច់​ខាត​មិន​ឱ្យ​អ៊ីរ៉ង់​ផលិត​អា​វុធ​នុយ​ក្លេ​អ៊ែរ​ទេ​។ អាមេរិក​កំពុង​បញ្ចុក​បន្ស៊ី​អ៊ីរ៉ង់​ដើម្បី​ឱ្យ​ប្រទេស​​នេះ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​៕ ប្រភព​៖ AP​​