សារព័ត៌មានអាល្លឺម៉ង់បានចេញផ្សារកាលពីថ្ងៃម្សិលមិញអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៊ែរឡាំងត្រូវតែចាត់វិធានការគ្រប់បែបយ៉ាងប្រើប្រាស់សិទ្ធិរបស់ខ្លួនរួមទាំងបង្កក់ទ្រព្យធនបរទេសរបស់ថៃ ដើម្បីបង្ខំឲ្យរដ្ឋាភិបាលថៃសងប្រាក់បំណុលទៅឲ្យក្រុមហ៊ុនសំណង់ Walter Bau ទៅលើបញ្ហាជំលោះដែលទាក់ទងនឹងគ្រោងការសាងសងផ្លូវ Don Muang Tollway។
តាមគេហទំព័រ Spiegel និយាយថា រដ្ឋាភិបាលថៃធ្លាប់គិតពីបញ្ហាបង់ប្រាក់ធានាចំនួន៣០លានដុល្លារតាមការទាមទារ តែពេលនេះដោះស្រាយមិនចេញ ហើយវាបានធ្វើឲ្យក្រុមហ៊ុនសំណង់ Walter Bau ខាតបង់ជាច្រើនដោយសារការនិយាយដោះសាខុសពាក្យសន្យារបស់រដ្ឋាភិបាលថៃ។
លោក Wermer schneider អ្នកគ្រប់គ្រង ក្រុមហ៊ុនសំណង់ Walter Bau បានទទួលសាលដីកាតុលាការក្រុងប៊ែរឡាំង កាលពីខែមុនក្នុងការដកហូតយន្តហោះប៊ូអ៊ីញ៧៣៧ ដែលជារបស់ព្រះអង្គម្ចាស់ស្នងរាជ្យ Maha Vajaralongkorn ក្នុងពេលចូលសុំចតក្នុងព្រលានយន្តហោះទីក្រុងមុយនិច។ ករណីនោះបានធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរគ្រោតគ្រាត និងអាចឈានដល់ការកាត់ផ្តាច់ទំនាក់ទំនងការទូតទៀតផង។
រដ្ឋាភិបាលថៃឈ្លោះប្រកែកគ្នាលើបញ្ហាយន្តហោះថា គួរតែយកមកវិញ ពីព្រោះវាជាទ្រព្យផ្ទាល់ព្រះកាយរបស់ព្រះអង្គម្ចាស់រាជទាយាទ និងមិនមែនជារបស់រដ្ឋឡើយ។
តុលាការអាល្លឺម៉ង់បានចេញសាលដីកាកំណត់ដល់ខែកញ្ញា លើបញ្ហាដកហូតយន្តហោះ។ ប្រសិនបើយន្តហោះនោះពិតជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គម្ចាស់ត្រូវតែប្រគល់ឲ្យវិញ។
ក្នុងពេលជាមួយគ្នានោះតុលាការក៏បានតំរូវឲ្យដាក់ប្រាក់ធានាចំនួន២០លានដុល្លារសំរាប់ការប្រគល់យន្តហោះវិញ តែទោះជាយ៉ាងណារដ្ឋា ភិបាលថៃច្រានចោលការបង់ប្រាក់។ រដ្ឋាភិបាលបានប្រកែកចំពោះការផ្តល់ប្រាក់ផ្ទាល់ព្រះកាយរបស់ព្រះអង្គម្ចាស់ Maha Vajaralongkorn ដើម្បីដោះស្រាយបញ្ហានោះ ដោយរដ្ឋាភិបាលថៃនិយាយថា នឹងប្រើប្រាស់មធ្យោបាលរបស់ខ្លួនក្នុងការដោះស្រាយវិញ ឲ្យបានឆាប់រហ័ស។
លោកសាស្ត្រាចារ្យ Christoph Paulus ផ្នែកច្បាប់នៃសាកលវិទ្យាល័យ Humboldt ក្នុងទីក្រុងប៊ែរឡាំង និយាយថា រដ្ឋាភិបាលអាល្លឺម៉ង់គួរតែប្រើប្រាស់សិទ្ធិគ្រប់យ៉ាង ដើម្បីឲ្យប្រទេសថៃសងប្រាក់បំណុលដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនសំណង់។ មធ្យោបាយទាំងនោះរួមមាន កំរិតទំនាក់ទំនងពាណិជ្ជកម្ម ឬបង្កកទ្រព្យបរទេសរបស់ប្រទេសថៃ៕
ចែករំលែកព័តមាននេះ