ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ចុះ​ពិនិត្យ​ទីតាំង​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​ច្រកព្រំដែន​អន្តរជាតិ​បា​វិត

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​សម្របសម្រួល​ដល់​ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ ចុះ​ពិនិត្យ​តី​តាំង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រ​ព​ន្ធ័​បច្ចេកវិទ្យា (Online Scams) និង​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត ក្រុង​បា​វិត​។​

បើ​តាម​មន្ត្រី​សាលាខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​មានការ​ចាត់​តាំងពី​សំណាក់​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង បាន​ចាត់​ឲ្យ​លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត ដឹកនាំ​ក្រុមការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ សម្របសម្រួល​ជូន​ឯកឧត្តម គី​ម ឆាង​យ៉ូ​ង (Kim Chang-nyong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​ធ្លាប់​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) និង​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត ស្ថិត​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង​។

​លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់ ឯកឧត្តម គី​ម ឆាង​យ៉ូ​ង និង​គណៈប្រតិភូ​ស្ថានទូត​កូរ៉េ​។ បន្ទាប់​មក ភាគី​ទាំង​ពីរ​បាន​បន្ត​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​យ៉ាង​យកចិត្តទុកដាក់ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ស្ថានភាព​សន្តិសុខ ការ​គ្រប់គ្រង​លំហូរ​ឆ្លង​ដែន និង​កិច្ច​សហប្រតិបត្តិការ​នានា​។

នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ជាក់ស្តែង លោក​អភិបាលរង​ខេត្ត និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត រួម​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​អគារ និង​ទីតាំង​មួយ​ចំនួន​ដែល​ធ្លាប់​រង​ការ​បង្ក្រាប​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្នុង​ក្រុង​បា​វិត​។

ការ​ចុះ​ពិនិត្យ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ម៉ឺងម៉ាត់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ក៏​ដូច​ជា​ខេត្តស្វាយរៀង ក្នុង​ការ​លុប​បំបាត់​រាល់​បទល្មើស​បច្ចេកវិទ្យា​ឆ្លង​ដែន​ខុសច្បាប់ ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការពារ​សុវត្ថិភាព​ជូន​ដល់​ជនបរទេស​ដែល​មក​វិនិយោគ និង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជាទី​បញ្ចប់ នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត និង​ឯកឧត្តម គី​ម ឆាង​យ៉ូ​ង ព្រមទាំង​គណៈប្រតិភូ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ បាន​អញ្ជើញ​ទៅ​ពិនិត្យ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត និង​ថតរូប​នៅ​បង្គោល​ព្រំដែន ដើម្បី​ទុកជា​អនុស្សាវរីយ៍ និង​បង្ហាញ​ពី​ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ៕