ខេត្តកណ្តាល ៖ ដើម្បីអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតបទល្មើសអនឡាញស្គេម Online Scams ឱ្យអស់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរក្រុងសំពៅពូន បានចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន និងចុះត្រួតពិនិត្យទីតាំងរៀបចំទុកឧបករណ៍សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងដើម្បីបោសសម្អាតបទល្មើសឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល ។
លោក គួច ចំរើន ចុះត្រួតពិនិត្យទីតាំងរៀបចំទុកឧបករណ៍សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គេម) នៅទីតាំងក្រុមហ៊ុន ជីន ហ្ស៊ីហួយ ប្រផឹធី មេនេចម៉ិន ឯ.ក ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ទាំងអស់ ត្រូវបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដោយត្រូវប្រើប្រាស់ឥរិយាបថទន់ភ្លន់ ស្នើសុំដល់ម្ចាស់ទីតាំងឬផ្ទះ ដែលមានការសង្ស័យ ឱ្យពួកគាត់ចូលរួមជាមួយអាជ្ញាធរដើម្បីធ្វើការពិនិត្យ ហើយមិនត្រូវប្រព្រឹត្ត នូវអ្វីដែលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ នៅពេលដែលចុះពិនិត្យរដ្ឋបាលនោះទេ ក្នុងករណីពិនិត្យឃើញមានបទល្មើសអនឡាញស្គេម ត្រូវធ្វើការបង្ក្រាប និងរាយការណ៍ជាបន្ទាន់ ដើម្បីឈានដល់ការបោសសម្អាតបទល្មើសអនឡាញស្គេមឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល និងបានណែនាំដល់កងកម្លាំងចម្រុះ និងមន្ត្រីជំនាញទាំងអស់ ត្រូវសហការគ្នាឱ្យបានស្អិតរមួត និងត្រូវអនុវត្តការងារនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ម៉ឺងម៉ាត់ ហ្មត់ចត់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ៕







ចែករំលែកព័តមាននេះ