ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ត្រាំ៖ កិច្ចព្រមព្រៀងថ្មីនឹង​រារាំងដាច់ខាតមិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ​

11 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៦ ខែមិថុនានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់ នឹងត្រូវប្រកាសជាសាធារណៈក្នុងពេលឆាប់ៗនេះ ដោយលោកបានសង្កត់ធ្ងន់ថា នេះជា «របាំងការពារ» ដ៏រឹងមាំដើម្បីធានាថា ទីក្រុងតេហេរ៉ង់មិនអាចផលិតអាវុធនុយក្លេអ៊ែរបានឡើយ។

កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រនេះ នៅក្នុងប្រទេសស្វ៊ីស ដែលនឹងពង្រីកបទឈប់បាញ់ឱ្យបាន ៦០ ថ្ងៃបន្ថែមទៀត ព្រមទាំងបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញ ដែលធ្វើឱ្យតម្លៃប្រេងពិភពលោកបន្តធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៣ ខែ។

ទោះជាយ៉ាងណា ផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅតែមានភាពស្មុគស្មាញ ដោយសារតែបញ្ហាសង្គ្រាមនៅលីបង់ ខណៈដែលអ៊ីស្រាអែលបានប្រកាសបដិសេធមិនដកទ័ពចេញពីភាគខាងត្បូងលីបង់ឡើយ ដែលចំណុចនេះបានធ្វើឱ្យលោក ត្រាំ សម្តែងការមិនពេញចិត្តជាខ្លាំងចំពោះចំណាត់ការរបស់អ៊ីស្រាអែល។ បន្ទាប់ពីការចុះហត្ថលេខានៅថ្ងៃសុក្រ ភាគីទាំងពីរនឹងត្រូវបន្តចរចាលើបញ្ហាកម្មវិធីនុយក្លេអ៊ែរដ៏តឹងរ៉ឹង ខណៈអាម៉េរិកបង្ហើបថា អ៊ីរ៉ង់អាចនឹងទទួលបានកញ្ចប់ថវិកាស្តារប្រទេសឡើងវិញរហូតដល់ ៣០០ ប៊ីលានដុល្លារ និងការដកទណ្ឌកម្មសេដ្ឋកិច្ច លុះត្រាតែព្រមបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងកាត់ផ្ដាច់ការជួយជ្រោមជ្រែងដល់ក្រុមប្រដាប់អាវុធស្រមោលនៅក្នុងតំបន់ទាំងស្រុង៕